ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ៤គ្រឿងបុកបន្ដគ្នា ជ្រុលទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរងរបួសធ្ងន់ ស្រាល ៥នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ យ៉ាងហោចណាស់មនុស្សម្នាក់ រួមទាំងព្រះសង្ឃមួយអង្គ ទទួលរងរបួសធ្ងន់ និង៣នាក់ទៀតរងរបួសស្រាល ក្នុងឧបទ្ទវហេតុមួយរថយន្ដ៤គ្រឿង បុកបន្ដគ្នា និងជ្រុលទៅប៉ះម៉ូតូមួយគ្រឿងទៀត នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតភូមិចេតីយ៍ថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា រថយន្ដបង្កម៉ាក TOYOTA 4RUNNER ពាក់ស្លាកលេខ ភ្នំពេញ 2F-5299 បើកបរដោយឈ្មោះ ឈុំ កំសាន្ត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ១៦ ផ្លូវ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ (របួសស្រាល) ។ ចំណែកភាគគីរថយន្ដ៤គ្រឿងទៀត ទី១.ម៉ាក HYUNDAI ពណ៌ស+បៃតង ពាក់ស្លាកលេខ តាកែវ 3A-2529 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (រត់គេចខ្លួន) ទី២. រថយន្តម៉ាកHYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-2823 បើកបរដោយឈ្មោះ ស៊ិន យឿង ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅផ្ទះលេខ៣១ ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី៣.រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-0150 បើកបរដោយឈ្មោះ ម៉ាន យ៉េប ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្វាយក្រោម ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (រងរបួសស្រាល) មានអ្នករួមដំណើរម្នាក់ឈ្មោះ អែល យ៉ុម ភេទស្រី អាយុ៦១ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) ។ ក្នុងហេតុការណ៍នោះផងដែរ រថយន្ដក៏បន្ដទៅប៉ះជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាក HONDA DREAM ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1V-9456 បើកបរដោយឈ្មោះ នង វៃ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (របួសធ្ងន់ បាក់ជើងឆ្វេង) នឹងអ្នករួមដំណើរព្រះសង្ឃមួយអង្គព្រះនាម សៅ ឡូញ ព្រះជន្ម៧០ព្រះវស្សា គង់នៅវត្តដងទង់ ស្ថិតក្នុងភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ (រងរបួសធ្ងន់បាក់ដៃឆ្វេង) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដបង្កម៉ាក TOYOTA 4RUNNER ពាក់ស្លាកលេខ ភ្នំពេញ 2F-5299 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ រថយន្ដខាងលើនេះ បានបន្ថែមល្បឿនវ៉ាជែងម៉ូតូ១គ្រឿង និងរថយន្តធំ២គ្រឿង ដែលកំពុងបើកបរនៅខាងមុខ ហើយក៏ជ្រុលចូលទៅក្នុងចំណែកផ្លូវ នៃយានយន្ដផ្ទុយទិសគ្នា បណ្ដាលឲ្យជ្រុលទៅបុកជាមួយរថយន្តម៉ាក HYUNDAI ពណ៌ស+បៃតង ពាក់ស្លាកលេខ តាកែវ 3A-2529 បើកបរផ្ទុយគ្នា ហើយរថយន្តបង្កម៉ាក4RUNNER នោះក៏រេចង្កូតមកទទឹងផ្លូវរបស់ខ្លួនវិញ បណ្តាលឲ្យរថយន្តម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2446មួយគ្រឿងទៀត មកពីក្រោយ ក៏ជាន់ហ្វ្រាំងមិនទាន់បុករថយន្ត4RUNNER នោះ ក្រឡាប់លើទ្រូងផ្លូវ រីឯរថយន្តម៉ាក HYUNDAI ពណ៌ស+បៃតង ពាក់ស្លាកលេខ តាកែវ 3A-2529 ក៏រេចង្កូតមកឆ្វេងដៃបុករះរថយន្ត២គ្រឿងទៀត ម៉ាកHYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-2823 និងរថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-0150 និងបន្ដទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1V-9456 បណ្ដាលឲ្យជនរងគ្រោះម្នាក់ រួមទាំងព្រះសង្ឃមួយអង្គដែលធ្វើដំណើរលើម៉ូតូរងរបួសធ្ងន់ផងដែរ រីមនុស្ស៣នាក់ទៀតរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះជាអ្នកបើកបរម៉ូតូរួមទាំងព្រះសង្ឃមួយអង្គ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែង និងកសាងសំណុំរឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិ។

ការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះគឺបង្កឡើងមកពីរថយន្ដម៉ាក TOYOTA 4RUNNER ពាក់ស្លាកលេខ ភ្នំពេញ 2F-5299 បើកបរដោយឈ្មោះ ឈុំ កំសាន្ត បើកបរធ្វេសប្រហែស មិនមើលស្ថានភាពផ្លូវមុនវ៉ាជែង ៕ ស្អាងជ័យ


ចែករំលែក៖