ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងវ៉ាស៊ីនតោន ៖ មីស៊ីលឆ្លងទ្វីបកូរ៉េខាងជើង អាចកម្ទេចគ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក

ចែករំលែក៖

ក្នុងពេលដែលទំនាក់ទំនងរវាងអាមេរិក នឹងកូរ៉េខាងជើង ល្អប្រសើរឡើងវិញ បន្ទាប់ពីកិច្ចប្រជុំលើកទី​៣នៅតំបន់ព្រំដែន កូរ៉េទាំងពីរ ។ មេដឹកនាំ អាមេរិក កូរ៉េខាងជើង បានព្រមព្រៀងគ្នាបន្តពិភាក្សាលើកម្មវិធីបរមាណូ ហើយអាមេរិកស្នើឲ្យកូរ៉េខាងជើង បង្កករាល់កម្មវិធីពាក់ព័ន្ធ និងអាវុធទាំងអស់ ។

នៅពេលនេះ កម្លាំងទាហានអាមេរិក ​លើកទីមួយ​បានប្រកាសទទួលស្គាល់​កាំជ្រួចមីសីល​ Hwasong-15 របស់កូរ៉េខាងជើង អាចវាយប្រហារទៅគ្រប់គោលដៅនៅអាមេរិក ។

សារព័ត៌មាន​យ៉ុនហាប់របស់កូរ៉េខាងត្បូង កាលពីថ្ងៃទី​១១ ខែកក្កដា ​បានផ្សាយថា កម្លាំងទាហានអាមេរិក នៅកូរ៉េខាងត្បូងបានសារភាពថា​ មីស៊ីលរបស់កូរ៉េខាងជើងពិតជាមានសមត្ថភាពវាយប្រហារទៅលើគោលដៅនានានៅក្នុងទឹកដីអាមេរិក​ ។

មីស៊ីល​ ICMB Hwasong-15 ត្រូវបានកូរ៉េខាងជើង សាកល្បងដោយជោគជ័យនៅថ្ងៃទី​២៩ខែវិច្ឆិកាឆ្នាំ​២០១៧ ដែលអាចបាញ់បានចម្ងាយរហូតដល់ទៅ​១២.៨៧៤ គីឡូម៉ែត្រ គឺអាចវាយប្រហារគ្រាប់ទីកន្លែងក្នុងទឹកដីអាមេរិក ។ នៅឆ្នាំ​២០១៨ អាមេរិកបានប្រកាសថា មីស៊ីល​ ICMB Hwasong-15​របស់កូរ៉េខាងជើង បាញ់មិនដល់​១ម៉ឺនគីឡូម៉ែត្រនោះឡើយ​ ។ ប៉ុន្តែនៅពេលនេះ អាមេរិកបានទទួលស្គល់ ពីសមត្ថភាពពិតប្រាកដនៃមីស៊ីលខាងលើ ។

ប៉ុន្តែ តាំងពីពេលសាកល្បងនោះមក កូរ៉េខាងជើង បានយលព្រម ជាមួយអាមេរិក ដោយមិនសាកល្បងអាវុធមីស៊ីលទៀតឡើយ​ដើម្បីពិភាក្សាជាមួយអាមេរិក ស្តីពីការរំសាយអាវុធបរមាណូ ។

នៅពេលនេះដែរ កូរ៉េខាងជើង បានឡើងគម្រោងផលិតសាកល្បង​អាវុធពិសេស ​ដើម្បីកម្ទេច​អាវុធដ៏សាហាវ​របស់កូរ៉េខាងត្បូង (F-35) ។ កូរ៉េខាងជើង​ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានអះអាងថា កូរ៉េខាងជើងអាច​នឹងផលិតសាកល្បង​អាវុធ​ដ៏ពិសេស​មួយប្រភេទ ដើម្បីកម្ទេច​យន្តហោះចម្បាំង​ F-35 របស់អាមេរិក បើសិន​ជាកូរ៉េខាងត្បូង​នៅតែ​ដាក់ពង្រាយ​យន្ដហោះប្រភេទនេះបន្ដទៀត ។

សេចក្តីថ្លែងការណ៍​មួយ​ ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថា នាយកស្រាវជ្រាវគោលនយោបាយ សុំមិនបញ្ចេញអត្តសញ្ញាណ នៅវិទ្យាស្ថានសិក្សាអាមេរិកាំង នៃក្រសួងការបរទេសកូរ៉េខាងជើង បានហៅ អាជ្ញាធរកូរ៉េខាងត្បូងថា “មានភាពច្របូកច្របល់ និងគួរឱ្យអាណិត” ចំពោះការ «និយាយយ៉ាងខ្លាំងៗអំពីការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការ រវាងភាគខាងជើង និងខាងត្បូង” ខណៈប្រទេសនេះ នៅតែបន្តទិញអាវុធពីអាមេរិកជាដដែល ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “យើងមិនមានជម្រើសផ្សេងទៀតទេ ប៉ុន្តែយើងអភិវឌ្ឍ និងសាកល្បងអាវុធពិសេស ដើម្បីកម្ទេចយន្ដហោះដ៏សាហាវ ដែលបាន និងកំពុងពង្រឹង នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ” ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ការទិញអាវុធរបស់កូរ៉េខាងត្បូង គឺជា “សកម្មភាពដ៏គ្រោះថ្នាក់បំផុត” ដែលនឹងបង្កឱ្យមានប្រតិកម្មពីខាងយើង (កូរ៉េខាងជើង)» ។

ប្រទេសកូរ៉េខាងត្បូងបានទទួលយន្តហោះចម្បាំង F-35A ចំនួនពីរគ្រឿងពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Lockheed Martin កាលពីខែមីនា ឆ្នាំ២០១៩ និង៨គ្រឿងបន្ថែមទៀត ត្រូវបានរំពឹងថា នឹងត្រូវប្រគល់ឱ្យនៅដំណាច់ឆ្នាំនេះ ។ ការបញ្ជាទិញ​យន្តហោះ​នេះ មានរហូតដល់៤០គ្រឿង ។ យន្តហោះចម្បាំងនេះ ក្នុងមួយគ្រឿងតម្លៃ​៨៥លានដុល្លារ ។ នៅក្នុងឆ្នាំ២០១១ខាងមុខ ក្រុមហ៊ុនផ្គត់ផ្គង់នេះ នឹងផ្តល់ជូន​កូរ៉េខាងត្បូងគ្រប់ចំនួន ។ នៅមុនពេលប្រគល់ជូនយន្តហោះចម្បាំងនេះ អាកាសយានិកកូរ៉េខាងត្បូងបានចំណាយពេលរាប់ខែ​ទៅហ្វឹកហាត់អំពីយន្តហោះចម្បាំង F-35A នៅឯមូលដ្ឋានដែនអាកាសមួយ ស្ថិតនៅក្នុងរដ្ឋ Arizona ។

សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង​បានក៏បានណែនាំដល់កូរ៉េខាងត្បូង​បោះបង់គោលជំហរ​នោះចោល ខណៈវានៅមិនទាន់ហួសពេល​ ។ បញ្ឈប់​ ឬបំភ្លេចចោល​នូវរូបភាពបំភ័ន្តភ្នែកទាំងឡាយនោះ ដើម្បីជាឱកាសមួយសម្រាប់ទំនាក់ទំនង​អន្តរកូរ៉េល្អប្រសើរ បើសិនជាកូរ៉េខាងត្បូង​ចង់ដើរតាមលំអាន​របស់អាមេរិក ។

កាលពីដើមឆ្នាំ២០១៩នេះ ក្តីសង្ឃឹមថា នឹងទទួលបានសន្តិភាព​នៅឧបទ្វីបកូរ៉េ​​​ បានរសាយបាត់ ក្រោយ​ជំនួបពិភាក្សា​ដែលទន្ទឹងរង់ចាំ​រវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នៅទីក្រុងហាណូយ មានបានឈានដល់​សម្រេចកិច្ចព្រមព្រៀង ។ កាលពីខែមុន លោក Patrick Shanahan រដ្ឋមន្ត្រីការពារជាតិអាមេរិក បាន សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងមិនកាត់បន្ថយវិសាលភាពនៃសមយុទ្ធយោធារបស់ខ្លួនជាមួយកូរ៉េខាងត្បូងទេ ដោយលោកបានកត់សម្គាល់ថា វាជាការពង្រឹងសមត្ថភាពរបស់ខ្លួន ។

នៅពេលនេះដែរ លោកគីមជុងអ៊ុន បានក្លាយជាប្រមុខដឹកនាំជាន់ខ្ពស់ កូរ៉េខាងជើង ក្រោយ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីបើកផ្លូវឲ្យលោក គីម ជុងអ៊ុន ក្លាយជាប្រមុខដឹកនាំរបស់ប្រទេសកូរ៉េខាងជើងស្របច្បាប់ ។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា​ លោក គីម ជុងអ៊ុន នឹងក្លាយជាប្រមុខដឹកនាំកូរ៉េខាងជើង យ៉ាងពិតប្រាកដ​ ។ កិច្ចប្រជុំកែប្រែច្បាប់ធម្មនុញ្ញនោះ បានធ្វើឡើង​ កាលពីចុងខែមេសា​ ឆ្នាំ​២០១៩ ។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ប្រធានគណៈកម្មាធិការខុទ្ទកាល័យរដ្ឋកូរ៉េខាងជើង (SAC) បានដើរតួនាទីជាមេដឹកនាំកំពូល “តំណាងឱ្យរដ្ឋ” កូរ៉េខាងជើង ។ នៅពេលនេះ លោក គីម ជុងអ៊ុន ជាប្រធាន SAC​ គឺជាមេដឹកនាំកំពូលរបស់កូរ៉េងជើង ស្របទៅតាមផ្លូវច្បាប់ ។

ព័ត៌មាន​ស្តីពីការការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីលើក​មេដឹកនាំ គីម ជុងអ៊ុន ឲ្យក្លាយជាប្រមុខដឹកនាំជាតិ​ បានកើតមានតាំងពីដើមឆ្នាំ​២០១៩ ក្រោយពេលលោក គីម ជុងអ៊ុន មិនមានវត្តមាន នៅក្នុងកិច្ចប្រជុំសភា ។

កាលពីជំនាន់ជីតា គីម អ៊ីលស៊ុង និងឪពុក គីម ជុងអ៊ីល​ គឺមានកៅអីនៅក្នុងសភា ។ ចំណែកគីម ជុងអ៊ុន មិនមានឡើយ ហើយការដឹកនាំរបស់អតីតមេដឹកនាំ គីម ជុងអ៊ីល​ គឺសភាកូរ៉េខាងជើង ​ក៏បានតែងតាំងជានាយសេនាធិការជាន់ខ្ពស់កូរ៉េខាងជើងផងដែរ​៕


ចែករំលែក៖