ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យទំនាស់ពាក្យសំដី និងគ្នា ជនសង្ស័យមួយក្រុមជិះម៉ូតូដេញវាយ រងរបួសមនុស្ស៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស៣នាក់ បានរងរបួសធ្ងន់ស្រាល ខណៈបង្កហិង្សាដាក់គ្នាព្រួតវាយ និងដកខ្សែក្រវាត់ដែកបំពង់ទីប បង្កការភ្ញាក់ផ្អើលពេញផ្លូវសង្ស័យមានទំនាស់ពាក្យសំដី នឹងគ្នា ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះម៉ៅ ចំរើន អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះកែវ ដេ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបន្តថា ចំណែកជនសង្ស័យ ដែលរងរបួសត្រូវបានស្គាល់ឈ្មោះហុឹម ភុនរំដួល អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំណែកក្រុមជនសង្ស័យ៣នាក់ទៀត ដែលជិះម៉ូតូ២គ្រឿង មិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុបានបើកគេចខ្លួនភ្លាមៗ ។

បើតាមជនរងគ្រោះឈ្មោះម៉ៅ ចំរើន បានប្រាប់សមត្ថកិច្ចថា រូបគេ និងក្រុមជនសង្ស័យថា មានរឿងទំនាស់ពាក្យសំដីបន្តិចបន្តួច ទើបបានជាក្រុមជនសង្ស័យព្រួតគ្នាមកវាយរូបខ្លួនបណ្ដាលឲ្យរងរបួស ហើយមិត្តភក្តិរបស់គាត់ឃើញសកម្មភាពបែបនេះ ក៏ស្ទុះទៅឃាត់ចេញ ក៏ត្រូវបានជនសង្ស័យវាយមួយដៃចំមុខផងដែរ ។

បច្ចុប្បន្ន ជនរងគ្រោះ ២នាក់ និងជនសង្ស័យម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ។ រីឯជនសង្ស័យ៣នាក់ទៀត ក្រោយបង្កហេតុ បានជិះគេចខ្លួនបាត់ ប៉ុន្តែត្រូវបាន សមត្ថកិច្ចកំពុងស្រាវជ្រាវ និងឃាត់ឲ្យខានតែបានដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖