ខេត្តឧត្ដរមានជ័យ ៖ កាន់តែក្ដៅទៀតហើយ រឿងលោកជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ និងឈ្មោះអ៊ឹម ហួត មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ជំរិតទារលុយ៥០ម៉ឺនរៀល ពីពលរដ្ឋដឹកឈើតាមគោយន្តកន្ត្រៃមួយគ្រឿង ផ្ទុកឈើជាងពីម៉ែត្រគូប ជាថ្នូរមិនបង្ក្រាប។
នៅថ្ងៃទីនៅទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ មានសេចក្ដីរាយការណ៍មកថា លោក ជៀល សុផល និងឈ្មោះ អ៊ឹម ហួត ជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានធ្វើសកម្មភាពស្ទាក់ចាប់គោយន្តកន្ត្រៃមួយគ្រឿង ដែលមានផ្ទុកឈើស្ពង់ជាងពីរម៉ែត្រគូប នៅចំណុចផ្លូវ យុទ្ធសាស្ត្រស្ថិតនៅភូមិ១០៥ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ និងបានទាមទារឲ្យម្ចាស់គោយន្តកន្ត្រៃដែលដឹកឈើ បង់ប្រាក់ឲ្យបក្សពួករបស់ខ្លួនចំនួន៥០ម៉ឺនរៀលជាថ្នូរមិនបង្ក្រាប និងមិនបញ្ចូលទៅសង្កាត់រដ្ឋបាលព្រៃឈើ ។
ប្រជាពលរដ្ឋនៅក្នុងហេតុការណ៍ខាងលើ សម្ដែងការហួសចិត្ត និងខកចិត្តយ៉ាងខ្លាំងចំពោះ លោកជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ និងបក្សពួក មិនគួរណាមកជំរិតទារលុយពីពួកគាត់ច្រើនដល់ម្លឹង ថែមទាំងគំរាមកំហែងទៀតផង។
ជុំវិញករណីចោទខាងលើនេះ ក្រុមការងារយើង ក៏បានធ្វើការទំនាក់ទំនងដើម្បីសុំការបំភ្លឺទៅ លោក ជៀល សុផល បានឲ្យដឹងថា រូបលោកមិនបានពាក់ព័ន្ធក្នុងការជំរិតទារប្រាក់ពីពលរដ្ឋដឹកឈើនោះទេ ព្រោះលោកអត់ដឹងរឿងនេះទេ ចំណែក ឈ្មោះអ៊ឹម ហួត មន្ត្រីអង្គការក្រៅរដ្ឋាភិបាលវិញ បានអះអាងថា ខ្លួន មុននឹងស្ទាក់ចាប់បានរាយការណ៍ទៅ លោកជៀល សុផល ហើយ លោកជៀលសុផល តបមកវិញ ថាបើមិនព្រមបង់ឲ្យនឹងដឹកយកទាំងគោយន្ត ព្រមទាំងឈើនេះទៅទុកកន្លែងតែម្ដង។
លោកអ៊ឹម ហួត បន្តថា ចំពោះការពាក់ព័ន្ធរឿងលុយកាក់ គឺមិនទាន់បានម៉ារៀលពីម្ចាស់គោយន្តនៅឡើយ ៕ ប៉ែន នួន