ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទួច ជែងលើស្ពានទន្លៀង បែកកង់រេចង្កូត បុកម៉ូតូបញ្ច្រាសគ្នា៣គ្រឿង របួសមនុស្ស៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី៤នាក់ បានរងរបួស ម៉ូតូ៣គ្រឿងរងការខូចខាត ដោយសារតែរថយន្តស្ទូចចំណុះ៥តោន បើកជែងលើស្ពានទន្លៀងហើយចៃដន្យបែកកង់ ក៏រេចង្កូតបុកបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤២នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅលើស្ពានទន្លៀង ស្ថិតក្នុងភូមិទន្លៀង ឃុំរមាងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ប្រភពពីសាក្សីថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណបានបើករថយន្តស្ទូចមួយគ្រឿង ចំណុះ៥តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣B៤១៨៥ ដែលធ្វើដំណើរពីលិចទៅកើត លើកំណាត់ផ្លូវជាតិលេខ១ លុះមកដល់លើស្ពានទន្លៀង ជែង ស្រាប់តែរថយន្តបែកកង់ ក៏បានរេចង្កូត មកខាងឆ្វេងមកបុកម៉ូតូម៉ាក click ពណ៌ ស ពាក់ស្លាកលេខ បាត់ដំបង 1U-3162 ដែលកំពុងជែងម៉ូតូមួយគ្រឿងទៀត ម៉ាក nex ពណ៌ ទឹកមាស ពាក់ស្លាកលេខ ស្វាយរៀង 1M-8467ធ្វើដំណើរពីកើតទៅលិច ខណៈនោះរថយន្តមិនទាន់អស់ល្បឿន បន្តបុកម៉ូតូមួយគ្រឿងបន្ថែមម៉ាក ហុងដាសង់ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1L-7237 គាបអូសចូលក្រោមរថយន្តតែម្ចាស់ ម៉ូតូបានលោតចេញទាន់រងរបួសស្រាល ។

ក្រោយពីបង្កគ្រោះថ្នាក់អ្នកបើកបររថយន្ត ឃើញសភាពមិនស្រួល បានចុះរត់គេចពីកន្លែងកើតហេតុ បន្សល់តែមនុស្សប្រុសស្រី៤នាក់ ចំណែកម៉ូតូទាំង៣គ្រឿង ខូចខាតយ៉ាងដំណំ ។

ក្រោយមក ចំពោះរថយន្ត និងម៉ូតូទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្វាយទាប វាស់វែង និងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប រង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់ ។

ចំពោះជនរងគ្រោះទាំង៤នាក់ ដែលរងរបួសត្រូវបានសមត្ថកិច្ចយករថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀងផងដែរ ៕ យឹម សុថាន


ចែករំលែក៖