ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះលោកយាយកម្សត់ ត្រូវភ្លើងឆេះខ្ទេចគ្មានសល់ នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នង ដែលមានទំហំ ៤ម៉ែត្រគុណ៥ម៉ែត្រ ជញ្ជាំងស្លឹក ដំបូលប្រក់ស័ង្កសីត្រូវបានអគ្គិភ័យលេបត្របាក់ផ្ទះខ្ទមកម្សត់គ្មានសល់ ខណៈដែលម្ចាស់មិននៅផ្ទះ កាលពីវេលាម៉ោងម៉ោង៥៖១០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលរងការឆាបឆេះមានឈ្មោះ សំ សាំ អាយុ៧៩ឆ្នាំ រស់នៅជាមួយចៅតូចពីរនាក់ រស់នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។

ចំណែកឯ សម្ភារខូចខាតរួមមាន៖ កន្ទេល មុង ភួយ ខ្នើយ អង្ករចំនួន០១ធុងប៉េត្រូ គ្រែធំមួយ ធុងប៉េត្រូចំនួន០៣ និងសម្ភារមួយចំនួនទៀត បានឆេះអស់ទាំងស្រុង។

ប្រភពបន្តថា លោកយាយកម្សត់ត្រូវបានអ្នកភូមិគោរពស្រឡាញ់គាត់ស្ទើរតែគ្រប់គ្នា និងបានសម្តែងការសោកស្តាយជាពន់ពេក ដែលលោកយាយមានជីវភាពក្រីក្រីខ្លាំង រស់នៅជាមួយចៅពីរនាក់ទៀត។

តាមលោកយាយ បានបញ្ជាក់ថា នៅយប់មិញបានពន្លត់ភ្លើង ធូប និងចង្កៀនអស់ហើយចុះមូលហេតុអីមានភ្លើងឆេះទៀត សង្ស័យមានគេលួចដុតផ្ទះគាត់ និងសូមឲ្យសមត្ថកិច្ចស្រាវជ្រាវរឿងនេះផង។

អ្នកភូមិក៏សូមអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេស សូមមេត្តាជួយដល់លោកយាយផង នាគ្រាដែលគាត់ជួបទុក្ខធំបាត់បង់ផ្ទះដែលកំពុងរស់នៅនិងមានចិញ្ចឹមចៅ២នាក់ផងដែរ ៕ យឹម សុថាន


ចែករំលែក៖