ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការផ្សព្វផ្សាយ ការបង្ការ និងការពារជំងឺគ្រុនឈាមនៅភូមិព្រៃឆ្លាក់ ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សហការជាមួយមន្ទីរសុខាភិបាលខេត្ត ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា អាជ្ញាធរភូមិ-សង្កាត់ បន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយសហគមន៍ ស្តីពីការបង្ការ និងការពារជំងឺគ្រុនឈាម និងការដាក់ថ្នាំអាបែតក្នុងពាង ឬ អាងទឹកប្រជាពលរដ្ឋ នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។

សូមបញ្ជាក់ថាយុទ្ធនាការនេះក្នុងគោលបំណង​ដើម្បីការពារបង្ការជំងឺគ្រុនឈាម ដែលអាចឆ្លងតាមរយៈនៃមូសខ្លាខាំ ដើម្បីកុំឲ្យមានកើតមូសខ្លាបន្តទៀត ការកម្ចាត់ជម្រកមូសខ្លា យុទ្ធនាកានេះ ក៏បានធ្វើការបែងចែកជាក្រុមធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមានដូចជា៖

១៖សូមចូលរួមកំចាត់ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុបបំបាត់​ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់ សំបក​ដប សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹក ឲ្យបានពីរដង ក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាបែត ត្រីប្រាំពីរ​ពណ៌ ឬគ្របឲ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រជើងទូ ។ល។

២៖ ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈក្នុងផ្ទះសំបែងឲ្យមានសណ្ដាប់ធ្នាប់ធ្វើយ៉ាងណាឲ្យមានពន្លឺ ចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល ក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស ។

៣៖ ត្រូវការពារខ្លួន កុំឲ្យមូសខ្លាញីខាំតាមរយៈ ការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ ។

៤៖ ត្រូវរូសរាន់ស្វែងរក សេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម ។

យុទ្ធនាការនេះសាខាបានបែងចែកកម្លាំងចម្រុះជា ៥ក្រុម ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងភូមិជាលទ្ធផលបានចំនួនសរុប ៤២ខ្នងផ្ទះ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានចំនួន ៣៥នាក់ផងដែរ ៕ យឹម សុថាន


ចែករំលែក៖