ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងមកនេះ លោកហ៊ុន ម៉ានី រួមដំណើរជាមួយ លោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាល ថ្លែងអំណរគុណចំពោះកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម និងតំបន់ប្រតិបត្តិការសឹករងខេត្តសរុបចំនួន៤១៥នាក់ ដែលបានចូលរួមជួយសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុរលំបាក់អគារ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅនេះ ។
លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រខេត្តកំពង់ស្ពឺ បានបង្ហាញពីការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងជនរងគ្រោះដែលរស់រានមានជីវិត ហើយកំពុងសម្រាកព្យាបាលទាំងអស់ ។ ទន្ទឹមនឹងនោះ លោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់កងកម្លាំងសង្គ្រោះទាំងអស់ ។ លោកបានមានប្រសាសន៍ថា៖ «ពិតណាស់ អ្វីដែលបានកើតឡើង វាបានចប់ផុតទៅហើយ តែអ្វីដែលយើងទាំងអស់គ្នាចងចាំមិនភ្លេចនោះ គឺការលះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីរបស់ក្រុមសង្គ្រោះ ដោយបានដាក់គោលដៅរួមមួយ គឺការជួយបងប្អូនប្រជាជន យើងដោយមិនចង់បានអ្វីតបស្នង) ។ លោកបានបន្តឲ្យដឹងបន្ថែមទៀតថា បើទោះបីជាទំហំនៃការបាត់បង់ មានវិសាលភាពធំធេង តែឧបទ្ទវហេតុនេះបានបង្ហាញច្បាស់ពីការរួបរួមគ្នារបស់គ្រួសារខ្មែរ នៅក្នុងកាល:ទេស:លំបាក ហើយបានបន្សល់នូវមេរៀន និងការចងចាំសម្រាប់ប្រជាជន ជាពិសេសយុវជនយើង ។
លោក ហ៊ុន ម៉ានី បានបន្តថា៖«ពូៗ បងប្អូនពិតជាបានបន្សល់ទុកនូវគំរូវីរភាពនៃការរួមចិត្ត រួមកម្លាំង ការចេះជួយគ្នាវិញទៅមកក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ដល់យុវជនគ្រប់ៗរូប និងជាពិសេសដល់កូនចៅយើងជំនាន់ក្រោយ ។ » ។
ជាមួយគ្នានោះ លោកបានលើកឡើងពីចំណាត់ការដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ និងអាជ្ញាធរ ដើម្បីគ្រប់គ្រងកុំឲ្យមានឧបទ្ទវហេតុដូចគ្នានេះកើតឡើងជាថ្មីម្តងទៀត ។ ជាមួយគ្នានេះផងដែរនៅរសៀលថ្ងៃដដែលនេះលោកន ម៉ានី . លោកសាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងលោក គួច ចំរើន អិបាលនៃគណៈអភិបាលខេត្តព្រះសីហនុក៍បានអញ្ជើញជួបជុំសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរជូនដល់ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត និងមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅសណ្ឋារគារសុខាផងដែរ ៕ ឆ្លាម សមុទ្រ