ខេត្តក្រចេះ៖ រថយន្ដបាកុងសម្រាប់ស្ទួចឈើដឹកចំនួច៧គ្រឿង ត្រូវបានអាវុធហត្ថខេត្តក្រចេះ ដុតបំផ្លាញចោលទៀតហើយ បន្ទាប់ពីកងកម្លាំងរកឃើញមានក្រុមឈ្មួញយកមកលាក់ទុកក្នុងចម្ការក្រោយផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ។
ការដុតបំផ្លាញចោលរថយន្តបាកុងដឹកឈើនោះ គឺលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានបញ្ជាឲ្យធ្វើឡើងនៅរសៀលថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។
ប្រភពពីអាវុធហត្ថខេត្តក្រចេះបានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ស្នាក់ការសន្តិសុខ៧០៨ ស្នាក់ការសន្តិសុខ៧១០ និងអាវុធហត្ថស្រុកសំបូរ នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ហើយក៏ត្រូវដុតបំផ្លាញចោលនៅកន្លែងទាំងអស់តែម្តង ។
ប្រភពបន្ដថា ការដុតបំផ្លាញរថយន្តចោលនោះ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោយពីបើកប្រតិបត្តិការទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគីរីរួចមក ។
ប៉ុន្តែខណៈនោះសមត្ថកិច្ចរកឃើញតែរថយន្តបាកុង យកទៅបំផ្លាញចោល ឯម្ចាស់វិញនោះ មិនអាចរកឃើញទេ ប្រហែលរត់គេចខ្លួនអស់ហើយមើលទៅ…? ៕ ជីវន្ត័