ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលម្នាក់បើកឡិចស៊ីសRX330ពន្លះក្បាលព្រួញ ពុះចែកទ្រូងផ្លូវ នៅមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលបានបើករថយន្តឡិចស៊ីស​ RX330 ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​យ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោងរំលងអធ្រាត្រ ​ឈានចូលថ្ងៃទី​១៥​ ខែកក្កដា ឆ្នាំ​២០១៩​​ នៅទល់មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន ​រាជធានីភ្នំពេញ​ ។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ​ភ្នំពេញ 2AY-7014 បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថាជាមន្ត្រីនគរបាល ធ្វើដំណើរចេញពីស្ពានអាកាសក្បាលថ្នល់ មកតាមផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ហើយមិនប្រយ័ត្នក៏ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យក្បាលព្រួញបាក់អស់ចំនួន២កង់ រីឯរថយន្តបង្កបានដាច់កាឡេ កង់មុខផ្នែកខាងស្ដាំ ទៅមុខលែងរួច តែក្នុងករណីនេះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។​

ក្រោយកើតហេតុ គេឃើញវត្តមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖