ភ្នំពេញ ៖ ស្ត្រីម្នាក់ ព្រោះតែជីវភាពក្រីក្រពេក គ្មានលទ្ធភាពមើលជំងឺកូនស្រី ហើយទុកឲ្យកូនឈឺអស់រយះពេលជាង១០ថ្ងៃ ទើបសម្រេចខ្ចីលុយអ្នកជិតខាងបញ្ជូនកូនមកភ្នំពេញដើម្បីព្យាបាល តែគួរឲ្យសោកស្ដាយ កូនបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ រួចបន្តដឹកមកផ្ទះជួលបងប្អូននៅក្បែរទីលានចាក់សម្រាមចាស់ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពកុមារីរងគ្រោះមានឈ្មោះ សឿង ហៃ អាយុ១១ឆ្នាំ (ជាសិស្ស) រីឯម្ដាយមានឈ្មោះ អ៊ុត ម៉ៅ អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ជាមួយម្ដាយបង្កើត ដោយមានកូនក្នុងបន្ទុក៤នាក់ រស់នៅក្នុងភូមិត្រពាំងឥដ្ឋ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
យោងតាមការរៀបរាប់ស្ត្រីជាម្ដាយកុមារីរងគ្រោះបានឲ្យដឹងថា រូបគាត់មានកូនស្រី៤នាក់ក្នុងបន្ទុក និងមានប្ដីជាកម្មករកាប់ដី (មួយថ្ងៃបានកម្រៃ15000៛) ហើយជីវភាពមានការលំបាកណាស់ ។ ចំពោះកូនស្រីដែលបានស្លាប់នោះ គឺនាងបានឈឺអស់រយះពេល១២ថ្ងៃមកហើយ តែមិនដឹងថា មានជំងឺអ្វីនោះទេ ដោយចេះតែពន្យារពេលមិនបានទៅមន្ទីរពេទ្យព្យាបាល រហូតនៅថ្ងៃកើតហេតុ ស្ត្រីជាម្ដាយឃើញស្ថានភាពមិនស្រួល ក៏សម្រេចចិត្តខ្ចីលុយអ្នកជិតខាងដឹកកូនមកភ្នំពេញ រួចបញ្ជូនមកមន្ទីរពេទ្យរុស្សុី ខណៈមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថា កូនរបស់គាត់មានជំងឺគ្រុនឈាម និងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបគាត់មានការសោកស្ដាយកូនស្រីជាខ្លាំង និងសម្រេចដឹកសពកូនមកផ្ទះជួលបងប្អូននៅក្បែរទីលានចាក់សំរាមចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដើម្បីសុំឲ្យបងប្អូនជួយ និងអំពាវនាវស្រាវរកសប្បុរសធម៌ ដើម្បីបានកម្រៃខ្លះដឹកសពកូនស្រី យកទៅធ្វើបុណ្យនៅឯស្រុកកំណើត ។
ក្នុងគ្រាលំបាករបស់ស្ត្រីខាងលើ និងបានអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន ក៏មានសប្បុរសជនមួយចំនួនបានផ្ដល់ជាទឹកប្រាក់ និងខ្លះចេញថ្លៃឡានដឹកសពឲ្យដល់ស្រុកកំណើត ដើម្បីសម្រួលការលំបាកដល់រូបគាត់ផងដែរ ៕ ភារ៉ា ដង្កោ