ភ្នំពេញ ៖ តារាសម្តែងប្រុស ថេ ឆាលី ស្រាប់តែលេចមុខមាត់ខ្លាំងក្នុងការងារសិល្បៈក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ក្រោយពីការខិតខំប្រឹងប្រែងអស់រយៈពេល១០ឆ្នាំលើវិស័យសិល្បៈ ។ ទោះមិនលេខមាត់ខ្លាំងដល់កម្រិតកំពូល ប៉ុន្តែតារាប្រុសរូបនេះថាពេញចិត្តនឹងការសម្រេចបានសមិទ្ធផលក្នុងការងារសិល្បៈ ។
ថេ ឆាលី ត្រូវបានគេស្គាល់ក្នុងការសម្តែងក្នុងបទចម្រៀង ភាពយន្តខ្នាតធំ ភាពយន្តអប់រំនានា ដែលភាគច្រើនលោកសម្តែងជាតួកាច ឬក្រុមបងធំ ។ តារារូបនេះទើបនឹងទទួលបានការការងារសិល្បៈច្រើនសម្រាប់ដើមឆ្នាំ២០១៩ និងចុងឆ្នាំនេះផងដែរ ។ លោកថា ទើបនឹងបញ្ចប់ការថតភាពយន្តភាគ និងភាពយន្តខ្នាតធំមួយចំនួនដែលជាការផ្តល់តម្លៃ និងឱកាសពីផលិតករ ។ តារាប្រុសរូបនេះបញ្ជាក់ថា ពិតជាមានភាពខុសប្លែកគ្នាច្រើនបើធៀបនឹងការចូលសិល្បៈដំបូង ។
លោកថា ខុសគ្នាព្រោះតែពេលមុនមិនសូវមានគេស្គាល់ និងផ្តល់តម្លៃ ស្របពេលដែលកម្រៃនៃការសម្តែងក៏មិនស្របទៅនឹងកម្លាំង និងពេលវេលា ។ ទោះជាយ៉ាងលោកលើកឡើងថា ជាបទពិសោធន៍សម្រាប់ការងារ ហើយក៏ជាអ្វីដែលអ្នកសិល្បៈជាច្រើនជួបប្រទះមុនពេលដែលពួកគេដើរដល់ចំណុចមួយដែលទទួលបានការគាំទ្រ និងផ្តល់តម្លៃមួយដែលខ្លួនឯងអាចទទួលយកបាន ។ ថ្មីៗនេះលោកទើបនឹងទទួលបានឱកាសចូលរួមច្នៃម៉ូតសម្លៀកបំពាក់ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍ ទិវាបេតិកភណ្ឌជាតិនៅប្រាសាទសម្បូរព្រៃគុក ។
លោកថា ក្នុងទិវានេះ លោកបានច្នៃប្រឌិតសម្លៀកបំពាក់ស្តីអំពីស្តេចគ្រុឌដែលជាប្រភេទស្តេចបក្សីដែលមានពាក់ព័ន្ធ នឹងដំណើររឿងរ៉ាវក្នុងអក្សរសិល្ប៍ខ្មែរយកទៅបង្ហាញ និងទទួលបានការគាំទ្រខ្លាំងពីមហាជនផងដែរ ។
លោកឆាលី លើកឡើងថា នៅចុងឆ្នាំ២០១៩នេះលោកក៏ទទួលបានឱកាសការងារសិល្បៈជាច្រើនទៀតពីផលិតករភាពយន្ត និងអ្នកផលិតកម្មវិធីទូរទស្សន៍នានាផងដែរ ។ លោករំពឹងថា ការងារសិល្បៈនេះនឹងបន្តដោយភាពរលូន និងទទួលបានទាំងការផ្តល់តម្លៃពីផលិតករ និងទស្សនិកជន៕ វឌ្ឍនា