ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីជាម្ដាយ បង្ខាំងដាក់ច្រវាក់កូនស្រី​ បំបែកពីគូដណ្ដឹង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបញ្ជាតុលាការ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះហៀង ម៉ុម ភេទ ស្រីអាយុ ៤៦ឆ្នាំ មានទីលំនៅ ភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនស្រ្ដីខាងលើធ្វើឡើងតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ដែលបានជាប់ពាក់ព័ន្ធក្នុងករណី បង្ខាំងមនុស្សដោយខុសច្បាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៥.០០នាទី ប្រព្រឹត្តទៅលើកូនស្រីបង្កើតឈ្មោះ ស៊ុំ ស្រីនិច អាយុ ១៩ឆ្នាំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីបានសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់កូនស្រីឈ្មោះ ស៊ុំ ស្រីនិច ដាក់ច្រវាក់ពិតប្រាកដមែន តែពុំបានវាយដំទៅលើកូននោះឡើយ ដោយមូលហេតុមិនចង់ឲ្យកូនស្រីទៅរួមរស់នៅជាមួយគូដណ្តឹងមុនថ្ងៃរៀបការ ។

ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់៕ ប៉ែន​ នួន


ចែករំលែក៖