ខេត្តស្វាយរៀង៖ លោកកែវ សុភណ្ឌ័ អធិការនគរបាល ស្រុកស្វាយទាបបានឲ្យកាសែតនគរវត្តដឹងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ថា ចំពោះជនសង្ស័យសមត្ថកិច្ចនគរបាល ស្រុក សហការជាមួយនគរបាលជំនាញខេត្តកំពុងស្រាវជ្រាវកំណត់មុខសញារ និងសាកសួរដល់ជនរងគ្រោះដើម្បីស្វែងរកជនសង្ស័យមកផ្ដន្ទាទោសឲ្យខានតែបាន ។
គួររំលឹកឡើងវិញថា កាលពីថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង ៧៖៤៥ នាទីយប់ នៅភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប មានករណីក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលមកលួចគាស់យកទ្រព្យសម្បត្តិ ដែលទុកក្នុងបន្ទប់ខាងក្រោមផ្ទះអស់គ្មានសល់ហើយគេចខ្លួនដោយសុវត្ថិភាព ។
យោងតាមលោកអនុសេនីយ៍ទោ នាង ចាន់រតនាបុប្ផា នាយរងប៉ុស្តិ៍រដ្ឋបាល ឃុំរមាំងថ្កោល បានឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះឈ្មោះ តូច ទាន ភេទប្រុស អាយុ៥៧ ឆ្នាំ មានប្រពន្ធឈ្មោះ មុំ រស់ នៅភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវក្រុមចោរមិនស្គាល់អត្តសញ្ញាណបានចូលមកលួចគាស់យកទ្រព្យសម្បត្តិរបស់គាត់ ដែលទុកក្នុងបន្ទប់ខាងក្រោមផ្ទះអស់គ្មានសល់ ។
ទ្រព្យសម្បត្តិដែលខំសន្សំជាយូរមកហើយនោះរួមមាន៖ ប្រាក់ចំនួន$១,២៣៥ដុល្លារ ខ្សែកមាស២ខ្សែ ទម្ងន់១ដំឡឹង៧ជី៥ហ៊ុន, ខ្សែដៃមាស២ខ្សែ ទម្ងន់៨ជី, ចិញ្ចៀនមាស១វង់ ទម្ងន់៣ជី និងចិញ្ចៀនប្លាទីន២វង់ ទម្ងន់២ជី យកទៅបាត់ ហើយសមត្ថកិច្ចដាក់ការសង្ស័យថា ជាមនុស្សស្គាល់គ្នាធ្លាប់ចេញចូលផ្ទះរបស់ជនរងគ្រោះ ។
លោកមេប៉ុស្តិ៍បន្តទៀតថា បើតាមការស្រាវជ្រាវ ជនរងគ្រោះដូចជាមិនច្បាស់ថា ចោរចូលលួចយកតាំងពីថ្ងៃណាទេ គឺកេះដាក់លុយកាក់ និងមាស គឺទុកក្នុងទូ ក្នុងបន្ទប់ក្រោមផ្ទះ ហើយចោរគាស់ទូរួចគាស់កេះយកលុយ និងមាសទៅបាត់ ហើយនៅយប់កើតហេតុជនរងគ្រោះទៅបើកទូទើបដឹងថា មានចោរគាស់កេះយកលុយ និងមាសខ្សែក ខ្សែដៃ និងចិញ្ចៀនទៅបាត់ទើបឆោឡោ និងប្តឹងសមត្ថកិច្ចតែម្តង ។
ទោះបីជាយ៉ាងណាសមត្ថកិច្ចបាននិងកំពុងកោះហៅមនុស្សពីរបីនាក់ ដែលធ្លាប់ចេញ ចូលក្នុងផ្ទះជនរងគ្រោះហើយមានទីលំនៅក្នុងភូមិកើតហេតុ មកសាកសួរ លទ្ធផលយ៉ាងណា សមត្ថកិច្ចនឹងផ្តល់ព័ត៌មានពេលក្រោយ ៕ យឹម សុថាន