ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះប្រល័យសត្វក្របីញីអ្នកភូមិ៤ក្បាល និងរលំរបើកដំបូលផ្ទះ៤ខ្នង នៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់សត្វក្របីញីចំនួន៤ក្បាល របស់អ្នកភូមិបានងាប់ភ្លាមៗ និងផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ត្រូវបានដួលរលំរបើកដំបូល និងរន្ទះបាញ់លាយខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំង កាលពីថ្ងៃអាទិត្យ ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៤ និង១០នាទីរសៀល ស្ថិតក្នុងឃុំខ្សែត្រ ឃុំត្នោត និងឃុំសំយ៉ោង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

យោងតាមអាជ្ញាធរ ស្រុកបានឲ្យដឹងថា សត្វក្របីញីដែលត្រូវរន្ទះបាញ់បណ្ដាលឲ្យងាប់នៅកណ្ដាលវាលស្រែ មានម្ចាស់ឈ្មោះខាន់ រ៉េន ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ត្រូវរន្ទះបាញ់ងាប់ក្របីមេមួយក្បាល និងម្ចាស់ ឈ្មោះ ឡាញ់ ចាន់ ភេទប្រុស អាយុ៣៩ ឆ្នាំ មានទីលំនៅភូមិពោធិម្អម ឃុំត្នោត ស្រុកកំពង់រោទ៍ ត្រូវរន្ទះបាញ់ងាប់ក្របីញី៣ក្បាល ។

ប្រភពបន្តថា ផ្ទះដែលត្រូវខ្យល់កន្ត្រាក់បណ្តាលឲ្យរលំ និងប៉ើងតំបូលផ្ទះមានម្ចាស់ផ្ទះឈ្មោះខាំ សុខា ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងឈូក ឃុំខ្សែត្រ ផ្ទះទំហំ៦ម៉ែត្រគុណ នឹង៧ម៉ែត្រ សង់អំពីឈើ ដំបូលស័ង្កសីប៉ើងស័ង្កសីអស់៥សន្លឹក ។ ទី២ មានឈ្មោះ មាស ឈុន ភេទប្រុស អាយ៤៤ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំត្នោត ស្រុកកំពង់រោទ៍ ផ្ទះមានទំហំ៦ម៉ែត្រគុណ នឹង១៥ម៉ែត្រ សង់អំពីឈើដំបូលស័ង្កសី របើក ប៉ើងដំបូលទាំងស្រុង ។ ៣ ម្ចាស់ផ្ទះឈ្មោះ ប្រាក់ ឈៀន ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិព្រៃរបឺស ឃុំត្នោត ស្រុកកំពង់រោទ៍ ផ្ទះទំហំ៥ម៉ែត្រគុណ នឹង៦ម៉ែត្រ សង់អំពីឈើដំបូលស័ង្កសី បណ្តាលឲ្យដួលខូចខាតទាំងស្រុង និងទី៤ម្ចាស់ផ្ទះឈ្មោះយ៉ាន់ ធី ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ ភូមិសំយ៉ោង ឃុំសំយោង ស្រុកកំពង់រោទ៍ ផ្ទះមានទំហំ៦ម៉ែត្រគុណ នឹង៧ម៉ែត្រ សង់អំពីឈើ ដំបូលស័ង្កសី បណ្តាលឲ្យប៉ើងដំបូលអស់មួយចំហៀង ។

ប៉ុន្តែករណីភ្លៀងខ្យល់កន្ត្រាក់ និងរន្ទះបាញ់នេះ មិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ដោយគ្រាន់តែងាប់ក្របី អ្នកភូមិ៤ក្បាល និងរលំរបើកដំបូលផ្ទះ៤ខ្ន ៕ យឹម សុថាន

 


ចែករំលែក៖