ខេត្តកណ្ដាល៖ មានការភ្ញាក់ផ្អើលមួយបានកើតមានឡើងនៅវេលាម៉ោង៧ព្រឹកឈានចូល ថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចខ្យូសលក់ដីឡូតិ៍ ស្ថិតនៅភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បន្ទាប់ពីមានបុរសម្នាក់ស្លាប់ដោយអំពើឃាតកម្មតាំងពីម៉ោង៣យប់ មកម្ល៉េះ ។
មន្រ្តីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ុម សារាជ ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កម្មករជាងផ្សារដែក នៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះស្លាប់ដោយ ជនដៃដល់រឹតកនឹងខ្សែ ។
សមត្ថកិច្ចឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មាន ភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញ ខេត្ត និងស្រុក ប៉ុស្តិ៍រដ្ឋបាលសំរោងលើ បានធ្វើការស្រាវជ្រាវ និងឈានដល់កំណត់មុខសញ្ញាជនល្មើស ហើយចាប់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ធី សុខគីម ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កម្មករស៊ីឈ្នួល (ចាក់បេតុង) នៅភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចប្រមូលបានវត្ថុតាងមួយចំនួន មានខ្សែពណ៌លឿង១ និងកាំបិតប៉័ងតោកញ្ចាស់១ ដែលជាឧបករណ៍ធ្វើមនុស្សឃាត ។
តាមការសួរបំភ្លឺពីប្រពន្ធជនរងគ្រោះឈ្មោះ ពិត ចាន់កែវ ភេទស្រី អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរធ្វើស្រែ នៅភូមិបឹងវែង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ប្តីរបស់ខ្លួន ពេលព្រលប់បាននាំគ្នាផឹកស្រា ជាមួយបងប្អូនរហូតដល់ម៉ោងប្រហែល ១០ យប់ ទើបនាំគ្នាបែកទៅផ្ទះរៀងៗខ្លួន ខណ:ប្តីគាត់ក៏ចេញទៅក្រៅ ជាមួយមិត្តភក្តិ៦ឬ៧នាក់ទៀត ។
ពេលនោះ ស្រាប់តែឃើញឈ្មោះ ធី សុខគីម មកសួរគាត់ថា យប់ថ្មើរហ្នឹងហើយមិនទាន់ចូលដេកទៀត ហើយក៏ទៅបាត់ទៅ គាត់ក៏នៅអង្គុយចាំប្តីរហូតដល់វេលាម៉ោងកើតហេតុ ទើបឃើញប្តីមកវិញ ជាមួយបងប្អូន ។ ដោយជនរងគ្រោះជាប្តី បានឃើញឈ្មោះ ធី សុខគីម និយាយលេងជាមួយប្រពន្ធខ្លួន ក៏កើតក្តីប្រចណ្ឌ ឈ្លោះជាមួយប្រពន្ធមួយសន្ទុះធំ ក្រោយមកប្រពន្ធជនរងគ្រោះក៏ចូលដេក តែជនរងគ្រោះបានដើរចេញទៅក្រៅបាត់រហូតទល់ភ្លឺ ប្រពន្ធក៏ដើររក ហើយបានឃើញនៅខ្យូសក្នុងដីឡូតិ៍ស្លាប់បាត់ទៅហើយ ។
ក្រោយមកសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមាន ការចូលរួមព្រហ្មទណ្ឌស្រុកប៉ុស្តិ៍រដ្ឋបាល ឃុំសំរោងលើ លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងប្រពន្ធជនរងគ្រោះ បានធ្វើការពិនិត្យ លើជនរងគ្រោះ ឃើញថា មានស្នាមទ្រុឌជាំខ្មៅជុំវិញក ក្រៅពីនោះគ្មានស្លាកស្នាមអ្វីទេ ។
ជនសង្ស័យបានសារភាពថា នៅយប់កើតហេតុ ក្រោយពីផឹកស៊ីនៅខ្យូសកន្លែងកើតហេតុរួច អ្នកដទៃទៅផ្ទះអស់ នៅសល់តែពីរនាក់ ជនរងគ្រោះ និងខ្លួន(រ៉ុម សារាជ )នៅ អង្គុយលេងនៅខ្យូស ហើយពេលនោះ ជនរងគ្រោះដែលស្រវឹងខ្លាំង បានចោទខ្លួន ហើយនិយាយដដែលជាដដែលថា ខ្លួនស្រឡាញ់ប្រពន្ធរបស់គាត់ ។ ដោយសារការចោទប្រកាន់ខុសទំនង និងខុសការពិតយ៉ាងនេះធ្វើឲ្យខ្លួនក្តៅក្រហាយយ៉ាងខ្លាំង ហើយរហូតដល់ម៉ោង៣ និង៣០នាទីយប់ កើតហេតុពេលឃើញជនរងគ្រោះកំពុងដេកលក់ស្កប់ស្កល់ខ្លួនគេក៏យកខ្សែទៅរឹតកសម្លាប់ចោល រួចទៅសម្ងំដេកនៅកន្លែងខ្លួនធ្វើការ រហូតសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
តាមការការសន្និដ្ឋានរបស់លោកគ្រូពេទ្យ និងជំនាញអះអាងថា ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម (រឹតក)ដោយជនសង្ស័យ ខឹងជនរងគ្រោះចោទថា ខ្លួនគេស្រឡាញ់ប្រពន្ធជនរងគ្រោះ ។ បច្ចុប្បន្ន សពជនរងគ្រោះ បានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ