ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនពាក់ព័ន្ធករណី ប៉ុនប៉ង រំលោភសេពសន្ថវៈមិនបានសម្រេច ។

ប្រតិបត្តិការនេះដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោក វរៈសេនីយ៍ទោ ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង ១៣ម៉០០នាទី រសៀលនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលលេខ ២៤DE2 ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ មានឈ្មោះ ផន ខន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អូសរទេះបន្លែ នៅចំណុចផ្ទះជួលលេខ ២៤DE2 ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះឈ្មោះ សអាយុ ១៩ឆ្នាំ ។

នគរបាលជំនាញបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក និងអាណាព្យាបាលជនរងគ្រោះ ស្រាវជ្រាវ បានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្ដង នាំមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ ។

ប្រភពបានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៤៥នាទី ជនសង្ស័យដែលជួលបន្ទប់ខាងលើផ្ទះជនរងគ្រោះស្នាក់នៅ បានដើរទៅមកចុះឡើងមុខផ្ទះ ធ្វើឲ្យមានការសង្ស័យ ជនរងគ្រោះបានដេញចេញ ពេលនោះជនស្ស័យមិនព្រមចេញ រួចក៏ស្ទុះទៅទាញដៃជនរងគ្រោះចូលក្នុងផ្ទះបាយដែលមានបន្ទប់ទឹក ជនរងគ្រោះភ័យពេកបានទាញយកអង្រែចូលទៅជាមួយ ដល់បន្ទប់ទឹកជនសង្ស័យបានទាញអាវជនរងគ្រោះរបូត និងស្ទាបអង្អែល នារីរងគ្រោះបានទាញយកអង្រែវ៉ៃក្បាលជនសង្ស័យចំនួនបីអង្រែ បន្ទាប់មកជនរងគ្រោះបានរត់ចេញពីបន្ទប់ទឹក និងបានទូរស័ព្ទទៅបងប្រុស ឲ្យប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននាំមកសាកសួរ រួចឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖