ព័ត៌មានទាន់ហេតុការណ៍៖

កូនឈើចម្រុះ ២.២០០ដើម ត្រូវបានដាំដុះលើផ្ទៃដី២ហិកតា នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណ អភិបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមបុណ្យរុក្ខទិវាជាតិ ដាំកូនឈើចម្រុះគ្រប់ប្រភេទចំនួន ២.២០០ដើម លើផ្ទៃដី0២ហិកតា ។ តាមការឲ្យដឹងពីមន្ត្រីរដ្ឋបាលសាលាខេត្តបានឲ្យដឹងថាកូនឈើដែលយកមកដាំតាមការគ្រោងទុកមាន កូនឈើគគីរកូនឈើគ្រញូង និងកូនឈើទាល ដាំនៅក្នុងបរិវេណវត្តអូរត្រេះ ស្ថិតក្នុងភូមិ0៦ សង្កាត់លេខ ០៤ ក្រុង ខេត្តព្រះសីហនុ ដែលរៀបចំដោយមន្ទីរកសិកម្ម និងរដ្ឋបាលព្រៃឈើខេត្តព្រះ សីហនុ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ក្នុងពិធីបុណ្យរុក្ខទិវាជាតិ 0៩កក្កដា ថា សកម្មភាពដាំដុះកូនឈើឡើងវិញ និងការចូលរួមថែរក្សាការពារព្រៃឈើ គឺសំដៅប្រែក្លាយឲ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើឲ្យកាន់តែសម្បូរឡើងវិញជាការឆ្លើយតបសម្រាប់ធ្វើជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកិច្ចការពារបរិស្ថានសំដៅទប់ស្កាត់ការកើនឡើងកំដៅនៃភពផែនដី និងភាពរាំងស្ងួតក៍ដូចជាគ្រោះទឹកជំនន់ជាដើម ។

លោកអភិបាលខេត្ត ក៏បានជំរុញ ឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចូលរួមទាំងអស់គ្នា ដើម្បីប្រែក្លាយទៅជាកម្លាំងចលនាមួយចូលរួមដាំដើមឈើតាមគ្រប់រូបភាពឲ្យបានច្រើនជាអតិបរមា និងបណ្ដុះនូវផ្នត់គំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ ដើម្បីជាប្រយោជន៍របស់ជាតិ និងជារបស់យើងទាំងអស់គ្នា ។

លោក នេន ចំរើនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឲ្យដឹងថា ការប្រារព្ធពិធីបុណ្យរុក្ខទិវានៅក្នុងខេត្តព្រះសីហនុ មន្ទីរកសិកម្មដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ ក្នុងការរៀបចំដាំកូនឈើចម្រុះគ្រប់ប្រភេទដូចបានរៀបរាប់ខាងលើ ។ លោកប្រធានមន្ទីរកសិកម្មបានឲ្យដឹងបន្ថែមថា យោងតាមស្ថិតិព្រៃឈើកម្ពុជាឆ្នាំ២០១០ ដែលទើបបញ្ចូលផ្ទៃដីស្រុកកំពង់សិលាទាំងមូលមួយផ្នែកនៃផ្ទៃដី ឃុំបឹងព្រាវ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងមកខេត្តព្រះសីហនុ មាន ផ្ទៃដីសរុបចំនួន២៨៦,៤៩២ហិចតា ក្នុងនោះដីព្រៃឈើមានចំនួន ១៦៦,០៥៥ហិកតា និងដីមិនមានព្រៃឈើ គឺមានចំនួន ១២០,៤៣៧ហិកតា ។ ផ្ទៃដីព្រៃឈើ បាន និងកំពុងបាត់បង់ជាបណ្ដើរៗ ។ តាមកម្មវិធីព្រៃឈើជាតិត្រូវរក្សាឲ្យបាននូវគម្របព្រៃឈើ ៦០% នៃផ្ទៃដីទាំងមូលសម្រាប់រយៈពេលត្រឹមឆ្នាំ ២០១៥ ដើម្បីលើកកម្ពស់ស្មារតីជំរុញ និងអនុវត្តការងារដាំដើមឈើឡើងវិញនៅលើដីទំនេរ ដីព្រៃលិចទឹក និងដីព្រៃ រិចរិល ព្រមទាំងចលនាដល់វិស័យឯកជន និងប្រជាពលរដ្ឋ ដាំដើមឈើនៅគ្រប់ទីកន្លែង ហើយសម្រាប់ឆ្នាំនេះមន្ទីរបានបណ្ដុះកូនឈើចម្រុះគ្រប់ប្រភេទបានចំនួន ៥២,៧៣៦ដើម ក្នុងនោះមានឈើហូបផ្លែ និងដើមឈើរយៈពេលវែង សម្រាប់ធ្វើការចែកចាយជូនបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ស្ថាប័នអង្គភាពផ្សេងៗទៀតយកទៅដាំតាមលំនៅឋានរៀងៗខ្លួន ៕ ឆ្លាម សមុទ្រ


ចែករំលែក៖