ភ្នំពេញ៖ រថយន្តឡិចស៊ីស GS300 បុកជាគ្នាជាមួយ រថយន្តសាំយ៉ុងដឹកបន្លែត្រង់ចំណុចស្តុបបែកជាបួន រងការខូចខាតយ៉ាងដំណំ ទាំងសងខាង តែមិនបង្កមានអ្នករងរបួស រួចឈ្លោះប្រកែកគ្នាយបត្រូវរៀងៗខ្លួន ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបដេអិន តាមបណ្តោយផ្លូវកម្ពុជាក្រោមកែង នឹងផ្លូវនេរុហ៍ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋបានឃើញហេតុការណ៍បានឲ្យដឹងថា មុនកើត គេឃើញប្តីប្រពន្ធពីរនាក់បើករថយន្តសាំយ៉ុងដឹកបន្លែរមួយគ្រឿង ពណ៌សំបកឪឡឹកពាក់ស្លាកលេខ ភ្នំពេញ 2AP-5604 ធ្វើដំណើរតាមបណ្តោយផ្លូវនេរុហ៍ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើស្តុបភ្លើងខៀវ បានចរាចរទៅមុខ ក៏បានបុកគ្នាជាមួយរថយន្តឡិចស៊ីស GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-0557 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងបានធ្វើដំណើតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតបុកបញ្ឆិតគ្នា ពេញទំហឹងបណ្តាលឲ្យរថយន្តទាំងគ្រឿង គៀបជាប់គ្នារងការខូចខាតយ៉ាងដំណំបន្ទាប់មកភាគីទាំងសងខាង យកត្រូវរៀងៗខ្លួន ចំណែកអ្នកបើកបររថយន្តឡិចស៊ីស GS300 បានប្រាប់ថា រូបគាត់បានផឹកស្រាអស់បួនកំប៉ុង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យ ភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីខាងរថយន្តសាំយ៉ុង មិនចង់មានរឿងវែងឆ្ងាយ និងប្រញាប់យកបន្លែទៅលក់នៅស្រុកផង បានចេញសំណងទៅឲ្យភាគីខាងរថយន្តឡិចស៊ីស GS300 ចំនួន៦០មឺុនរៀល ដើម្បីចញ្ចប់រឿង ៕ សុខា