ខេត្តកណ្ដាល៖ រថយន្ដធុនធំបុកជាមួយរថយន្ដធុនតូចពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដទាំង២គ្រឿងខូចខាតធ្ងន់ រីឯមនុស្សម្នាក់ទទួលរងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចគល់ស្ពានព្រែកញឹក (៦៩) ស្ថិតនៅក្នុងភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា រថយន្ដបង្កម៉ាកឡិចស៊ីស RX៣៣០ ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្ដាល 2C- 8722 បើកបរដោយឈ្មោះ ឡង់ ស៊្រី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល (រងរបួសស្រាល) ។ ចំណែកឯភាគីរថយន្តម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3 A- 3946 បើកបរដោយឈ្មោះ វ៉ាន់ ថៃហេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាកឡិចស៊ីខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ រថយន្ដឡិចស៊ីបានរេចង្កូតទៅឆ្វេង បុកជាមួយរថយន្ដម៉ាកហ៊ីយ៉ានដាយពេញមួយទំហឹង បើកបរច្រាស់ទិសគ្នា បណ្ដាលឲ្យរថយន្ដទាំង២គ្រឿងទទួលរងខូចខាតធ្ងន់ រីឯអ្នកបើកបររថយន្ដម៉ាកឡិចស៊ី ទទួលរងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលចរាចរណ៍ស្រុក បានចុះធ្វើការវាស់វែង រួចកសាងឯកសារដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ