ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែកក្កដា ថ្មីៗនេះ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនបុរសម្នាក់ករណីលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណប័ណ្ណ ផ្ទុយពីលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា ។
របាយការណ៍ពីសមត្ថកិច្ច ទើបបង្ហាញ នៅថ្ងៃទី១៦ ខែកក្កដា បញ្ជាក់នេះ ថា សមត្ថកិច្ចបានធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះ ស៊ឹង វណ្ណធី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ហាងលក់ទូរស័ព្ទនិងបញ្ចាំ ដែលមានយីហោ ហេង សុខលាភ មានទីតាំងផ្ទះលេខ១២បេអឺ០ ផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដើម្បីសាកសួរ ពាក់ព័ន្ធនឹងការលក់ស៊ីលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណប័ណ្ណ ដោយធ្វើអក្សរLED រត់ពីមុខហាង “ទិញស៊ីមកាតមិនចាំបាច់ប្រើអត្តសញ្ញាណប័ណ្ណ” ដែលផ្ទុយពីលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា លេខ១១០៦ ន.ទ.ក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីឱសានវាទចុងក្រោយ ត្រឹមថ្ងៃ១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងការបញ្ឈប់ ការលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណប័ណ្ណ និងច្បាប់ស្តីពីទូរគមនាគមន៍។
តាមការសាកសួររបស់មន្រ្តីជំនាញ គឺ ឈ្មោះ ស៊ឹង វណ្ណធី បានសារភាពថា ខ្លួនពិតជាបានលក់ស៊ីមកាតដោយមិនយកអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន និងលក់ស៊ីមកាតដែលមានអត្តសញ្ញាណប័ណ្ណអ្នកដទៃជំនួស ព្រមទាំងបានធ្វើ LED ដើម្បីផ្សាយពិតប្រាកដមែន។ បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ថា កន្លងមកមានបទល្មើសជាច្រើន ដូចជាការប្រើទូរស័ព្ទមកបោកបញ្ឆោតជនរងគ្រោះដើម្បីឈ្នះរង្វាន់ផ្សេងៗ ការឆបោកតាមរយៈការក្លែងធ្វើជាសាច់ញាតិជួបគ្រោះថ្នាក់ចរាចរណ៍ និងតម្រូវអោយ ផ្ញើប្រាក់ មកសង្រ្គោះ ការឆបោកតាមរយៈបណ្តាញសង្គម Facebook ក៏ដូចជាបទល្មើសដែលបង្កអសន្តិសុខដល់សង្គមផ្សេងៗទៀត។
សមត្ថកិច្ច មានការលំបាកក្នុង ការស្រាវជ្រាវរកជនល្មើសដើម្បីយកមកផ្តន្ទាទោស ដោយសារជនល្មើសទាំងនេះបានទិញស៊ីមកាតទូរស័ព្ទដែលមិនមានអត្តសញ្ញាណច្បាស់លាស់ យកមកបោកប្រាស់ ។
ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាល ដោយមិនទិញ ឬលក់ ស៊ីមកាតទូរស័ព្ទ ដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ជាពិសេសអោយបណ្តាហាងលក់ស៊ីមកាតទាំងអស់ អោយបញ្ឈប់ជាបន្ទាន់រាល់ការលក់ស៊ីមកាតដែលមិនមានបញ្ជាក់អត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ ព្រោះពួកគេអាចប្រឈមមុខនឹងច្បាប់និងបិទអាជីវកម្មរបស់ខ្លួន ៕ ចេស្តា