ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូជែងប៉ះរថយន្ដនៅខាងមុខដួលចូលគន្លងផ្លូវម្ខាងទៀត ធ្វើឲ្យរថយន្ដមួយគ្រឿងទៀតមកពីមុខបុកអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់គួរឲ្យរន្ធត់

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជន២នាក់ ជិះម៉ូតូឌុបគ្នា បន្ថែមល្បឿនជែងរថយន្ដនៅខាងមុខ តែវ៉ាមិនផុតបានជ្រុលទៅបុករថយន្ដដែលខ្លួនវ៉ា ដួលឃ្ទាតចូលទៅគន្លងផ្លូវម្ខាងទៀត ធ្វើឲ្យរថយន្ដមួយគ្រឿងទៀតបើកមកពីមុខក្នុងទិសដៅច្រាស់គ្នា ឈប់មិនទាន់បានបុកជនរងគ្រោះទាំង២នាក់ជាអ្នកជិះម៉ូតូអូសក្រោមរថយន្ដជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់គួរឲ្យរន្ធត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩ និង២៩នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានគ្នា២នាក់ ទី១-ឈ្មោះ និត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូម៉ាក SUZUKI SMASH REVO ធុនសេ110 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1F-6205 និងជនរងគ្រោះស្លាប់ម្នាក់ទៀតជាអ្នករួមដំណើរឈ្មោះ ធី វណ្ណថង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិចន្លោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែករថយន្ដម៉ាក HYUNDAI ពណ៍ស+ខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1508 បើកបរដោយឈ្មោះ ហ៊ុន សាន្ត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិវិហារខ្ពស់ ឃុំសួង ក្រុងសួង ខេត្តត្បូងឃ្មុំ (ឃាត់ខ្លួន) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង (ភ្នំពេញ-បាត់ដំបង) លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបរម៉ូតូបានបើកបន្ថែមល្បឿន ជែងរថយន្តតូចមួយគ្រឿង ដែលកំពុងបើកបរស្របទិសនៅខាងមុខ តែវ៉ាមិនផុត ក៏បានបុកចំស្តុបខាងឆ្វេងនៃរថយន្តដែលខ្លួនវ៉ានោះ បណ្តាលឲ្យដួលខ្ទាតម៉ូតូអ្នកបើកបរ និងរួមដំណើរនៅលើកណ្តាលទ្រូងផ្លូវ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកHYUNDAI បើកមកពីមុខ ក្នុងទិសដៅច្រាស់គ្នា ក៏ឈប់មិនទាន់ ជាន់ហ្វ្រាំងមិនជាប់ បានកិនពីលើអ្នករួមដំណើរលើម៉ូតូស្លាប់នៅកន្លែងកើតហេតុ រីឯអ្នកបើកបរ និងម៉ូតូអូសជាប់នៅក្រោមរថយន្តជាច្រើនម៉ែត្រសលាប់យ៉ាងរន្ធត់ ទើបអ្នកបើកបររថយន្ដឈប់រថយន្ដ រត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចសហការគ្នាដេញចាប់ឃាត់ខ្លួនបានមកវិញ ។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលចរាចរណ៍ស្រុកពញាឮ បានចុះពិនិត្យវាស់វែង រួចកសាងឯកសារយកមធ្យោបាយដែលពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋានរសប់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីខាងលើ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ រីឯអ្នកបើកបររថយន្ត បើកបរមានល្បឿលឿន ៕ ស្អាងជ័យ


ចែករំលែក៖