ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុកគូទគេពីក្រោយពេញទំហឹង បណ្ដាលឲ្យតៃកុងម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ខណះរថយន្ដកុងតៃន័រ២គ្រឿងបុកគ្នាបណ្ដាលឲ្យអ្នកបើកបរម្នាក់រងរបួសបាក់ជើង ចំណែករថយន្ដរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ០១ និង ៣០ នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរថយន្ដកុងតៃន័រមួយគ្រឿង ដែលមានក្បាលពណ៌ស (ដឹកទូរពណ៌ក្រហមពីក្រោយ) ពាក់ស្លាកលេខភ្នំពេញ 3D-02 95 បើកបរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបម្រុងបត់ត្រលប់ក្រោយ ស្រាប់តែត្រូវរថយន្ដកុងតៃន័រមួយគ្រឿងទៀតដែលមានក្បាលពណ៌ស លាយខៀវ ពាក់ស្លាកលេខកណ្ដាល 3A- 0949 បើកបរស្របទិសគ្នាក្នុងល្បឿនលឿនជាន់ហ្វាងមិនទាន់ក៏ជ្រុលទៅបុកគូថរថយន្ដដែលកំពុងបត់ត្រឡប់ថយក្រោយពេញទំហឹង បណ្ដាលឲ្យតៃកុងគៀបជាប់ក្នុងការប៊ិនរថយន្ដរងរបួសធ្ងន់ ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាជួយគាស់យកតៃកុងរថយន្ដ ដើម្បីជួយសង្គ្រាះ ។ ចំណែកតៃកុងរថយន្ដមួយគ្រឿងទៀតបានចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចទាក់ទងសមត្ថកិច្ចជំនាញមកវាស់វែង និងអូសរថយន្ដទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖