ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋមួយគ្រួសារ ត្រូវបានក្រុមអង្គការវ៉ាយអេតបំផ្លាញផ្ទះសម្បែង

ចែករំលែក៖

ខេត្តកំពងស្ពឺ៖ ក្រុមមន្ត្រីរបស់អង្គការវ៉ាយអេតជាច្រើននាក់ ដែលគេដឹងថា ជាអង្គការក្រៅរដ្ឋាភិបាលមួយនោះ ត្រូវបានប្រជាពលរដ្ឋចោទថា បានធ្វើសកម្មភាពកាត់សរសរ និង បំផ្លាញផ្ទះរបស់របររបស់ ប្រជាពលរដ្ឋឲ្យបាក់រាបដល់ដី គ្មានទីជំរក ខណៈ ដែលរដូវនេះជារដូវវស្សាផង តើឲ្យគាត់ទៅរស់នៅឯណា? ដោយឃើញសកម្មភាពឃោរឃៅខាងលើនេះ ត្រូវបានលោក មួង ធី អភិបាលស្រុកឱរ៉ាល់ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្តដើម្បីសុំការអន្តរាគមន៍ និងដោះស្រាយដោយសារទង្វើយ៉ាងព្រៃផ្សៃបែបនេះផងដែរ ។

បើតាមមន្ត្រីសាលាស្រុកឱរ៉ាល់ម្នាក់និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ លោក មួង ធី អភិបាលស្រុកបានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះមួយគ្រួសារក្រុមអង្គការវ៉ាយអេតបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសម្បែង រស់នៅភូមិរមាំងសរ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលត្រូវអង្គការ វ៉ាយអេដ បំផ្លិចបំផ្លាញផ្ទះខូចខាតទាំងស្រុង ។

ប្រភពបន្តថា គ្រួសាររងគ្រោះ ដែលត្រូវអង្គការវ៉ាអេតកាត់សរសរបំផ្លាញផ្ទះបាក់រាបជិតស្មើដីនេះ កើតឡើងកាលពី ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចភូមិ ឃុំ ខាងលើជាពិសេសជាងនេះទៅទៀត គ្រួសារមួយចំនួនជិត៣០គ្រួសារ ទៀត ដែលរស់នៅភូមិជាមួយគ្នាត្រូវបានបង្ខំឲ្យធ្វើកិច្ចសន្យារុះរើផ្ទះចេញឲ្យអស់ នៅថ្ងៃទី១៩ ខែកក្កដា ខាងមុខនេះ ។ គេមិនដឹងថា តើទង្វើរបស់ក្រុមមន្ត្រីអង្គការទាំងនេះ ធ្វើដើម្បីសមធម៌ ឬធ្វើដើម្បីលាភសក្ការនោះទេ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការក្តៅក្រហាយ ទឹកភ្នែកទឹកសំបោរ ខណៈ ដែលសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្រីក្រ ទីទាល់នោះ ។

ប្រភពបន្តទៀតថា ទង្វើរបស់មន្ត្រីអង្គការវ៉ាយអេតទាំងអស់នេះ ធ្វើឡើងគឺរបៀបកៀងត្រីឲ្យចូលស៊ង ព្រោះថាតំបន់ខាងលើនេះជាកន្លែងណាត់ជួបរវាងក្រុម ឈ្មួញ ដែលចរាចរណ៍ឈើ ល្មើសច្បាប់ជាច្រើន ។ បើទោះបីជាយ៉ាងនេះក្តី មជ្ឈដ្ឋានប្រជាពលរដ្ឋបានសំណូមពរដល់ថ្នាក់ដឹកនាំ សូមមេត្តាជួយអន្តរាគមន៍ ចំពោះករណីនេះផង ព្រោះប្រជាពលរដ្ឋរស់នៅតំបន់ខាលើ រងទុក្ខដោយសារក្រុមមន្ត្រីវ៉ាយអេត ដែលធ្វើសកម្មភាពនៅតំបន់ខាងលើសម្បើមណាស់ ហាក់បីដូចជាជាន់កដកស្លាបប្រជាពលរដ្ឋអីចឹង ។

ស្ត្រីម្ចាស់ផ្ទះមានឈ្មោះ សុខ ស៊ឿន អាយុ៣៤ មុខរបរកសិករ រស់នៅក្នុងភូមិ ឃុំខាងលើ បាននិយាយឲ្យដឹងថា «កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ពេល ដែលគាត់ និងកូនកំពុងហូបបាយនោះ ស្រាប់តែមនុស្សមួយក្រុម បានមកដល់ហើយយកខ្សែចងជើងសសរផ្ទះរបស់អ្នកស្រី ភ្ជាប់ជាមួយនឹងរថយន្តហើយបើកទាញបំបាក់ធ្វើឲ្យគាត់ និងកូនមានការភិតភ័យយ៉ាងខ្លាំង ព្រោះមិនមានមនុស្សប្រុសនៅផ្ទះសោះ «ប្តីឈឺដេកមន្ទីរពេទ្យឯណ្ណោះ» ក្រោយពីធ្វើសកម្មភាពនេះរួចហើយ ពួកគេបានយកម៉ាសុីនអារឈើកាត់ជើងសសរក្រោយ និងបានរុះរើ កកាយចាន ឆ្នាំង និងអង្កររបស់គាត់គ្រវាត់ចោល ពាសវាលពាសកាលថែមទៀតផងដែរ ។

ស្ត្រីដដែលបន្តថា គាត់ និងប្តីគឺជាកូនកំព្រាដូចគ្នាហើយផ្ទះ ដែលក្រុមអង្គការវ៉ាយអេតមករុះរើបំផ្លិចបំផ្លាញនេះ គឺបានខ្ចីលុយធនាគារយកមកទិញឈើសង់ ក្នុងមួយខែៗបង់លុយរាប់រយដុល្លាអាមេរិក ។

ចំណែកប្រជាពលរដ្ឋចំនួន៥គ្រួសារផ្សេងទៀត ដែលរស់នៅភូមិជាមួយគ្នា បានត្រឹមតែឈរមើលមិនអាចជួយអ្វីបានឡើយ ហើយអ្នកទាំងនោះក៏ត្រូវគេ «អង្កការវ៉ាយអេត» ឲ្យរុះរើផ្ទះចេញនៅថ្ងៃខាងមុខដែរ ។ គ្រួសារទាំងអស់ ដែលរស់នៅភូមិរមាំងសរនេះ ភាគច្រើនមានប្លង់០១លើស្រែចំការ ហើយការរស់នៅគឺជាង១០ឆ្នាំមកហើយ មិនមែនទើបមកចាប់ដីរដ្ឋយករស់នៅនោះទេ ។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ទោះជាបែបនេះក្តី ក្នុងនាមប្រជាពលរដ្ឋទន់ខ្សោយសូម សំណូមពដល់ថ្នាក់ដឹកនាំស្រុក លោកអភិបាលខេត្តកំពង់ស្ពឺ សូមមេត្តា ជួយអន្តរាគមន៍ចំពោះករណីនេះផងទាន ។ មានការលើកឡើងថា រឿងនេះគួរណាស់តែអាជ្ញាធរជាអ្នកអនុវត្តន៍ទេ បើសិនជាពលរដ្ឋមករំលោភដីរបស់រដ្ឋ តែនេះបែរជាមន្ត្រីអង្កការក្រៅរដ្ឋាភិបាលទៅវិញ? ។

ពាក់ពន្ធ័ជាមួយរឿងក្រុមអង្គការវ៉ាយអេតមកបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋនេះ លោកមួងធី អភិបាលស្រុកឱរ៉ាល់បានប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១៩នេះថា«ម្ចាស់ផ្ទះរងគ្រោះ និង៥គ្រួសារទៀត ក្នុងចំណោមជាង២០គ្រួសារទៀត គឺពួកគាត់រស់នៅក្នុងតំបន់ខាងលើច្រើនឆ្នាំមកហើយ មិនមែនទើបតែមកចាប់ដីរដ្ឋយកនោះទេ ។ ក្រោយទទួលដំណឹងនេះភ្លាមៗលោក និងមន្ត្រីបានចុះទៅជួបម្ចាស់ផ្ទះរងគ្រោះ និងពលរដ្ឋឯទៀតដើម្បីសួរនាំពីហេតុការណ៍ ដែលបានកើតឡើង ។ ក្រោយស្តាប់ការរៀបរាប់របស់ម្ចាស់ផ្ទះរងគ្រោះ លោកពិតជាមានអារម្មណ៍អាណិតម្ចាស់ផ្ទះជាពន់ពេក» ។

លោក មួង ធី បន្តថា «ករណីនេះលោកបានធ្វើរបាយការណ៍ជូនលោកអភិបាលខេត្តដើម្បីជ្រាបជាព័ត៌មាន និងសុំគោលការណ៍បន្ត» ត្រូវដោះស្រាយយ៉ាងណា ។

មហាជនជាច្រើននៅស្រុកឱរ៉ាល់បានលើកឡើងថា នេះជាទង្វើអមនុស្សធម៌ខ្លាំងណាស់ ដោយកន្លងមកគេធ្លាប់តែឃើញប្រជាពលដ្ឋរងទុក្ខដោយសារក្រុមឈ្មួញដីតែនេះ បែរជារងទុក្ខដោយសារទង្វើរបស់មន្ត្រីអង្កការក្រៅរដ្ឋាភិបាលទៅវិញ ។ ពាក់ព័ន្ឋករណីខាងលើអ្នកយកព័ត៌មាន មិនអាចសុំការបកស្រាយពីមន្ត្រីអង្កការនេះបានទេ ព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនងបានឡើយ ៕ សេនាស័ក្តិ


ចែករំលែក៖