ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់មានអក្ការមិនស្រួលខ្លួន កូនស្រីហៅឡំប្រឺតាដឹកជូនទៅពេទ្យ បានពាក់កណ្ដាលផ្លូវដាច់ខ្យល់ស្លាប់ ត្រូវអ្នករត់ឡំប្រឺតាទម្លាក់ចុះរួចបើកទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ជាអ្នករត់ឡំប្រឺតាបានដឹកសពស្រ្តីម្នាក់ដាក់ចុះទាំងកណ្ដាលផ្លូវ ខណៈដែលស្ត្រីរងគ្រោះមានអក្ការមិនស្រួលខ្លួន ហើយត្រូវបានកូនស្រីហៅឡំប្រឺតាដឹកជូនទៅសង្ក្រោះនៅមន្ទីរពេទ្យ តែជាអកុសល មិនទាន់ចូលដល់មន្ទីរពេទ្យផង ស្រាប់តែដាច់ខ្យល់ស្លាប់ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នៅ តាមផ្លូវហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពស្ត្រីខាងលើឈ្មោះ ហន ពិសី អាយុ៤០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិអំពិល ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានពីកូនស្រីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុគាត់ចេញពីធ្វើការរោងចក្រ មកហូបបាយនៅបន្ទប់ជួល ពេលមកដល់ម្តាយបានប្រាប់ថា មានអក្ការ មិនស្រួល ពេលនោះនាងបានហៅឡំប្រឺតា ដឹកជូនម្តាយទៅពេទ្យ ដោយនាងជិះមកជាមួយផងដែរ ។ ខណៈជិះមកដល់ចំណុចស្តុបផ្សារដីហ៊ុយម្តាយនាង ក៏បានដាច់ខ្យល់ស្លាប់លើឡំប្រឺតាតែម្ដង ភ្លាមនោះ អ្នកបើកបរ ភ័យពេកក៏ទម្លាក់ម្តាយនាងតាមដងផ្លូវហើយ បានបើកគេចបាត់ ។

ប្រភពដដែលបន្តថា ម្តាយនាងគាត់មានជំងឺប្រចាំកាយ (កើតហឺត) ចេះតែថប់ដង្ហើម ហើយរយៈពេល២ថ្ងៃចុងក្រោយនេះ គាត់មានអក្ការធ្វើទុក្ខ មិនបានទៅធ្វើការទេ ដោយសម្រាកនៅបន្ទប់ជួល លុះនាងចេញពីធ្វើការមកហូបបាយ គាត់ប្រាប់ឲ្យជូនមកពេទ្យ ស្រាប់តែជួបរឿងអកុសលបែបនេះតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកពិនិត្យជាក់ស្តែងដោយសន្និដ្ឋានជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន រួចបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕តុង សីហា


ចែករំលែក៖