ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់កាំភ្លើងត្បាល់សរុប១០គ្រាប់ កប់ក្នុងដីចំការនៅទីតាំង២កន្លែងផ្សេងគ្នា តំបន់អតីតសមរភូមិសង្រ្គាម ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ចុះទៅប្រមូលយកដើម្បីរក្សាទុករង់ចាំប្រគល់ឲ្យមន្រ្តីស៊ីម៉ាកយកទៅបំផ្លាញចោលបញ្ចៀសគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុ អាក្រក់ណាមួយកើតឡើង គ្រាដែលរបាយការណ៍បានបង្ហាញឲ្យដឹងថា កម្ពុជាក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩ ជនរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់ពីសង្រ្គាមមានចំនួន៦១នាក់ដែលចំនួននោះមានការកើនឡើង៣០នាក់បើប្រៀបធៀប និងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ដែលមានជនរងគ្រោះចំនួនតែ៣១នាក់ប៉ុណ្ណោះ ។
ការប្រទះឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចដីចំការដំឡូងមីមួយកន្លែងក្នុងភូមិពន្សាយជើង ឃុំស្វាយចេក និងចំណុចដីចំការមួយកន្លែងទៀតនៅភូមិអូរវែងជើង ឃុំតាបែន ស្រុកស្វាយចេក ។
វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក ប្រាប់ថាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ១០គ្រាប់ខាងលើគឺគ្រាប់មីនស្គរប្រឆាំង និងមនុស្សមាន៩គ្រាប់ និងគ្រាប់កាំភ្លើងត្បាល់១គ្រាប់ប្រភេទ១៣០មីលីម៉ែត្រ ។ ការប្រទះឃើញគ្រាប់ទាំងនោះមានប្រជាពលរដ្ឋ២នាក់ទៅធ្វើដីចំការដំឡូងមី និងធ្វើស្រែប្រទះឃើញខណៈដែលមានការដកស្មៅដំឡូងមី និងភ្ជួររាស់ដី ។
លោកអធិការបញ្ជាក់ទៀតថាគ្រាប់ទាំងនោះបានយកមករក្សាទុកកន្លែងសុវត្ថិភាពនោះហើយដើម្បីរង់ចាំប្រគល់ឲ្យមន្រ្តីជំនាញស៊ីម៉ាកយកទៅកំទេចចោល ។
សូមរំលឹកថានៅខេត្តបន្ទាយមានជ័យនេះផងដែរ កាលពីថ្ងៃទី៨ ខែកក្កដា កន្លងទៅនេះ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាប្រភេទគ្រាប់ប្រឆាំង និងយន្តហោះ និងគ្រាប់ប្រឆាំង និងមនុស្សចំនួន៤១៤គ្រាប់ទៅឲ្យមន្រ្តីជំនាញដោះមីនហេឡូត្រាក់ ដើម្បីយកទៅរក្សាទុកនៅកន្លែងសុវត្ថិភាព ។ ក្រោយប្រជាពលរដ្ឋនៅស្រុកភ្នំស្រុកបានប្រទះឃើញគ្រាប់ទាំងនោះកប់ក្នុងដីចំការមួយកន្លែងដែលជាអតីតបន្ទាយកងទ័ព ក្នុងតំប់អតីតសមរភូមិសង្រ្គាម ក្នុងភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។
សូមបញ្ជាក់ថា កម្ពុជាទោះបីបញ្ចប់សង្រ្គាមទាំងស្រុងនោះក៏ពិតមែនប៉ុន្តែគ្រាប់មីន និងកាកសំណល់សង្រ្គាមនៅតែមានកប់រាយប៉ាយនៅក្នុង និងលើដីក្នុងតំបន់ដែលមិនទាន់បោសសំអាតរួចរាល់ដែលជាបញ្ហាប្រឈមបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ។ ជុំវិញបញ្ហានេះកម្ពុជានៅមានផ្ទៃដីរងនូវការគម្រាម ពីមីន និងគ្រាប់មិនទាន់ផ្ទុះ ប្រមាណ២ពាន់១៤៨គីឡូម៉ែត្រក្រឡា ។ រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែល ធ្វើឲ្យកម្ពុជាអស់ការគម្រាមកំហែងដោយសារមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ៕ សំ វិច្ឆិកា