ភ្នំពេញ៖ មនុស្ស២នាក់ស្លាប់ភ្លាមៗនៅកន្លែង ម្នាក់កប់ក្រោមរថយន្ត ម្នាក់គៀបជាប់ក្នុងកាប៊ីន និង៧នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ពណ៌ខៀវ ជិះគ្នា៣នាក់ ប្តីប្រពន្ធនិងកូនតូចអាយុ៣ឆ្នាំ បើកបរដោយឈ្មោះ ធី អាយុ៣៥ឆ្នាំ រួមដំណើរជាមួយប្រពន្ធឈ្មោះ ហ៊ាន ស្រីនាង អាយុ២៨ឆ្នាំ កូនប្រុសតូចអាយុ៣ឆ្នាំ មានទីលំនៅ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ។
រថយន្តបានធ្វើដំណើរពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ មានបញ្ហាបច្ចេកទេស ដាច់ម៉ែត្រចង្កូត ទើបរេឡើងខឿនទ្រូងផ្លូវប្រមាណជា១០ម៉ែត្រ ទើបធ្លាក់ចុះមកវិញ រេទៅខាងស្តាំ ត្រូវបានរថយន្តម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ តាកែវ 3A-1110 ដឹកអុស ជិះគ្នា៨នាក់ បើកស្របទិស លឿនជ្រុលទៅបុកពីក្រោយ រថយន្តកូរ៉េ បណ្តាលឲ្យរថយន្តកូរ៉េ ដាច់ជា២កំណាត់ ធ្លាក់ដាច់ជ្រុះកាប៊ីន ស្លាប់ប្តី កប់ក្រោមរថយន្ត ប្រពន្ធនិងកូនរងរបួសធ្ងន់ ចំណែកភាគី រថយន្ត FUSO បន្តទៅបុកផ្ទប់ដើមឈើ ស្លាប់ម្នាក់ ជាព្រូរថយន្ត អ្នកបើកបររត់គេចខ្លួនបាត់ និង៧នាក់ រងរបួសធ្ងន់ស្រាល ។
ក្រោយកើតហេតុ ជនរងគ្រោះ រងរបួសធ្ងន់ស្រាលសរុប៨នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ជនរងគ្រោះដែលស្លាប់នៅកន្លែង គៀបជាប់ នៅក្រោមរថយន្ត និងក្នុងរថយន្ត ត្រូវបានសមត្ថកិច្ច ប្រើគ្រប់មធ្យោបាយ គាស់យកសាកសពចេញ ៕ ជ្រោយពេជ្រ