ភ្នំពេញ៖ រថយន្តម៉ាកកាមរីហាយប្រីកមួយគ្រឿង បើកបរដោយនារីរូបស្រស់ម្នាក់ដែលស្រវឹងស្រា បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកតូយូតាព្រូស បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យរេចង្កូត ខ្ទាតទៅចិញ្ចើមផ្លូវបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់១ដើម និងផ្ទប់ជាមួយដើមឈើទៅមុខលែងរួច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងកាលវេលា ១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃព្រហស្បតិ៍ទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុខផ្លូវព្រះមុនីវង្សកែងនិង៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្ត ម៉ាក Pruis ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-8857 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចភ្លើងស្តុបកែងនិងផ្លូវព្រះមុនីវង្ស ក៏ឆ្លងផ្លូវទាំងមិនបន្ថយល្បឿន ស្រាប់តែត្រូវរថយន្តម៉ាក Camery ហាយប្រីក ពណ៌ស ពាក់ស្លាក ភ្នំពេញ 2R-9345 បើកបរដោយនារីរូបស្រស់ម្នាក់ មានស្ថានភាពស្រវឹងស្រា ចំពីចហៀងពេញទំហឹង ធ្វើឲ្យរថយន្តព្រូសរេចង្កូតទៅចិញ្ចើមផ្លូវបុកនិងបង្គោលស្លាកសញ្ញាបង្ហាញផ្លូវរបស់រដ្ឋបាក់ដល់គល់អស់១ដើម និងផ្ទប់ជាមួយដើមឈើទៅមុខលែងរួច ។
ក្នុងហេតុការណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ តែក្រោយកើតហេតុភាគីទាំងសងខាងបានជជែកគ្នាឡើងតឹងសសៃក ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ ។ បន្ទាប់មក សមត្ថកិច្ចជំនាញក៏បានវាស់វែងយករថយន្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ