ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់បើករថយន្តម៉ាក KIA ទៅបុកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ទាំងព្រឹក នៅស្ទុបគីរីរម្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន បានបើករថយន្តមួយគ្រឿងយ៉ាងលឿនជ្រុលទៅបុកបញ្ឆិតរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង និងធ្វើឲ្យអ្នកបើកបររងរបួសស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចស្ទុបគីរីរម្យ តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កម៉ាក KIA visto ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2AG-4831 បើកបរដោយបុរសម្នាក់ជាជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិច ខណះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកបញ្ឆិតរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងម្ខាង រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររងរបួសខ្លួនប្រាណតិចតួច ។

ចំពោះរបាំងថ្មពុះចែកទ្រូងផ្លូវគ្រាន់តែរងការខូចខាតតិចតួចប៉ុណ្ណោះ តែទោះជាយ៉ាងណា នេះក៏ជាផលប៉ះពាល់ដល់សម្បត្តិរដ្ឋដែរ ទើបសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖