ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយរឿងមេប៉ុស្តិ៍ក្បាលរមាស ខ្ចីដៃមេព្រៃ ជំរិតទារលុយពីឡានដឹកទ្វារបង្អួចចំនួន ៤លានរៀល ប្រភពពីម្ចាស់រថយន្តរងការគំរាម ពេញ វាន់ថន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្នុងប្រតិបត្តិការរុករករថយន្តកែឆ្នៃខុសបច្ចេកទេស ដឹកឈើល្មើសច្បាប់របស់គណៈកម្មការថ្នាក់ខេត្ត ដើម្បីដុតបំផ្លាញចោលនោះ បានបែកធ្លាយរឿងអាស្រូវមួយរបស់លោកមេប៉ុស្តិ៍ក្បាលរមាសឈ្មោះឡត ម៉ារ៉ន (ហៅ អ៊ុយ)មានគ្នា ៣នាក់ បានប្រើហិង្សាវាយតៃកុងឡានមួយដៃចំកណ្តាលមុខរួចយករថយន្ត ទៅប្រគល់ឲ្យជំនាញ និងប្រើល្បិចជំនាញជំរិតទារលុយ ឲ្យខ្លួនពីឡានដឹកទ្វារបង្អួចរបស់ប្រជាពលរដ្ឋចំនួន ៤លានរៀល ។

នៅក្នុងកិច្ចប្រតិបត្តិការរបស់គណៈកម្មការថ្នាក់ខេត្ត ចុះរុករករថយន្តបាកុងដឹកឈើល្មើសច្បាប់នោះ គេបានឃើញមានរោងសិប្បកម្ម និងឈើមួយចំនួននៅក្នុងភូមិសាស្ត្រប៉ុស្តិ៍រដ្ឋបាល ឃុំក្បាលរមាស និងឃុំស្រែគរជាច្រើនកន្លែង តែមិនបានបង្ក្រាប ឬទប់ស្គាត់នោះទេ ប្រហែលជាកន្លែងរបស់លោកមេប៉ុស្តិ៍ហើយមើលទៅ ព្រោះវាឆ្នាំបាយរបស់គាត់ ។

បើតាមការឲ្យដឹងពីឈ្មោះពេញ វាន់ថន ជាម្ចាស់រថយន្តពណ៍ លឿង លាយសរ ពាក់ស្លាកលេខ2AE.9435 ដឹកទ្វារបង្អួច បានផ្តល់បទសម្ភាស៍ដល់អ្នកសារព៍ត៌មានយើង តាមរយៈទូរស័ព្ទនៅរសៀលថ្ងៃទី១៨ ខែកក្កដានេះថាៈ នៅយប់ម៉ោង១ជាងឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ រូបគាត់បានដឹកទ្វារបង្អួច ចេញពីស្រែគរថ្មី ឆ្លងកាត់វារីអគ្គីសនីសេសានក្រោមពីរ ដើម្បីយកទៅលក់ចែកចាយក្នុងស្រុក ដោះដូរជីវភាពគ្រួសារ តែត្រូវលោកឡត ម៉ារ៉ន (ហៅអ៊ុយ) មេប៉ុស្តិ៍ក្បាលរមាស និងបក្សពួគ មកស្ទាក់ឃាត់រថយន្តគាត់នៅមិនទាន់ចេញផុតពីផ្លូវវារី នៅឡើយរួចឲ្យគាត់អែបឡានចូលខាង គាត់មិនព្រមបែជាគាត់ស្ទុះចូលឡានដណ្តើមសោរឡាន ឲ្យកូនចៅបើក តែកូនចៅគាត់មិនចេះបើក ទើបឲ្យគាត់បើកទៅរដ្ឋបាលព្រៃឈើក្បាលរមាស រួចឲ្យមេព្រៃធ្វើវិធានការជំរិតទារលុយរហូតដល់ទៅដល់១៥០០ដុល្លារទាំងយប់ ។

ដោយនិយាយមិនត្រូវគ្នា ថែមទាំងកូនចៅលោកឡត ម៉ារ៉ន ប្រមាថគាត់រកវៃបន្ថែមទៀត ដោយមុននឹងនាំរថយន្តនោះមកកន្លែងមេព្រៃ គាត់ត្រូវមួយដៃចំកណ្តាលមុខរួចទៅហើយ ទើបគាត់មករកកន្លែងសម្រាក លុះព្រឹកឡើងថ្ងៃទី១១ ខែកក្កដា ដដែល គាត់ទៅអង្វរសុំម្តងទៀតតថ្លៃគ្នារហូតដល់ម៉ោងប្រមាណ១ជាង ទើបមេព្រៃនិងលោកឡត ម៉ារ៉ន នោះព្រម បានចុះមកនៅត្រឹម៤លានរៀល ដោយគាត់បង្ខំឲ្យប្រពន្ធដើរចង់ការលុយគេវេមកឲ្យ គាត់បានប្រលុយគ្រប់ទើបពួគគេប្រគល់ទាំងរថយន្តនិងសន្លឹកទ្វារបង្អួចមកវិញទាំងអស់ ដោយគ្មានលក្ខខណ្ឌ ។

លោកបន្តថា នេះគឺបទគំរាមគំហែងជំរឹត ទារប្រាក់ស្របច្បាប់របស់លោកមេប៉ុស្តិ៍ ដែលឃុបឃិតគ្នាជាមួយមេព្រៃក្បាលរមាសមែនទេ មកលើពលរដ្ឋស្លូតត្រង់ ដែលជាកន្លងមក មន្ត្រីរាជការនិងប្រជាពលរដ្ឋនិយាយតៗគ្នាថាៈ លោកឡតម៉ារ៉ន ជាមេប៉ុស្តិ៍ក្បាលរមាសនេះ ត្រូវបានលោកឡូយ សុផាត អតីតអភិបាលខេត្ត បានដាក់រហស្សនាមថា ជាមេប៉ុស្តិ៍ត្រកួតអណ្ដើក និងជាមេឈ្មញឈើផង កាងឈើផងដែរ ។

លោកពេញ វាន់ថន បន្តទៀតថាៈ នៅក្រោយថ្ងៃកើតហេតុដដែលនោះ លោកមេប៉ុស្តិ៍ឡត ម៉ារ៉ន និងបក្ខពួក បានចុះទៅដល់កន្លែងឡានដឹកទ្វារបង្អូចទៀត បាននិយាយថា ការដឹកជញ្ជូនទ្វារបង្អួចមិនដែល បង់លុយឲ្យខ្លួនទើបគេឃាត់រថយន្តនេះយកទៅឲ្យជំនាញរដ្ឋបាលព្រៃឈើ អោយជំនាញទាលុយពីម្ចាស់ឡានដឹកទ្វារបង្អួចហ្នឹង ចំនួន១៥០០ដុល្លារ ហើយបានតថ្លៃគ្នាបានធ្លាក់មកនៅត្រឹម ៤លានរៀល គាត់ក៏ព្រមយកទៅ ។

ជុំវិញរឿងនេះលោកឡត ម៉ារ៉ន មិនអាចសុំការបំភ្លឺបានទេ ពាក់ព័ន្ធក្នុងករណីរងការចោទប្រកាន់ ពីម្ចាស់រថយន្តរកស៊ីដឹកទ្វារបង្អួចចែកចាយក្នុងស្រុក ដែលចោទថា លោកមេប៉ុស្តិ៍ជំរឹតទារលុយ៤លានរៀលនោះ ទូរស័ព្ទខលចូលពីរដង តែគ្មានអ្នកទទួលនៅរសៀលម៉ោង ១៤និង៣៦នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ ។

ចំណែកលោកទិត្យ វី នាយសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាស មិនអាចសុំការបំភ្លឺបានទេ ទាក់ទងករណីខាងលើនេះ ព្រោះទូរស័ព្ទខលចូលពីរដង គ្មានអ្នកទទួលដូចគ្នា នៅសៀលវេលាម៉ោង១៥.២៤នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ។

គួររំលឹកថា ករណីលោកមេប៉ុស្តិ៍ និងលោកនាយសង្កាត់ឃុំក្បាលរមាស បើលោកស្អាតស្អំ សូមលោកមេត្តាលើកទូរស័ព្ទផង ដើម្បីឆ្លើយបំភ្លឺឲ្យអ្នកសារព៍ត៌មានយើង និងសារធារណៈជន ឲ្យអស់ចម្ងល់ និងអស់សង្ស័យ ថាលុយហ្នឹងយកមែន តែមិនបានដាក់ហោប៉ៅចែកគ្នាទេ គឺបង់ចូលរដ្ឋ និងឲ្យមានលិខិតស្នាមត្រឹមត្រូវ ហើយរាយការជូនថ្នាក់លើរបស់ខ្លួនផង មិនមែនចាប់លែងថ្ងៃ នោះទេគឺមានកាលកំណត់រយៈពេលត្រឹមត្រូវ មុននឹងដោះលែង ហើយរួមទាំងប្រើហឹង្សាមួយកណ្តាប់ដៃ ចំផ្ទៃមុខជនរងគ្រោះថែមទៀតផង ខណៈជនរងគ្រោះបទរថយន្តបម្រុងចូលស្នាក់ការP.M ច្រប់ ដើម្បីដោះស្រាយគ្នា ។

ជុំវិញរឿងចោទប្រកាន់ក្នុងករណីខាងលើនេះ ឬមួយលោកពិតជាពាក់ព័ន្ធពីបទរួមដៃគ្នាជំរឹតទារប្រាក់ពីរថយន្តដឹកទ្វារបង្អួចមែន ដូចការចោទពីម្ចាស់រថយន្តខាងលើមែន បើដូច្នេះសូមលោកស្នងការនគបាលខេត្ត និងអធិការកិច្ចថ្នាក់ជាតិមេត្តាចុះស្រាយជ្រាវ ដោយមានម្ចាស់រថយន្តរងគ្រោះ រង់ចាំឆ្លើយបំភ្លឺក្នុងករណីនេះ ៕ មាស សុផាត


ចែករំលែក៖