ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថ អនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល និងពង្រឹងការអនុវត្តន៍ច្បាប់ បទល្មើសធនធានធម្មជាតិ(ព្រៃឈើ) ចំនួន ៣ស្រុក គឺស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ លទ្ធផល៖ រិបអូសវត្ថុតាងមួយចំនួនធំ ។
យោងតាមរបាយការណ៍កងរាជអាវុធហត្ថជាម្ចាស់ការបង្រ្កាប់ នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ លោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញដឹកនាំកម្លាំងសហការចុះដល់ចំណុចភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ លទ្ធផល៖ ឃាត់គោយន្តកន្រ្តៃដឹកផលអនុផលព្រៃឈើចំនួន ០៦គ្រឿង មនុស្សចំនួន ០៦នាក់ រថយន្តកែច្នៃចំនួន ០១គ្រឿង បច្ចុប្បន្ន វត្ថុតាងគោយន្ដកន្រ្តៃផ្ទុកផលអនុផលព្រៃឈើទាំងអស់រួមទាំងមនុស្សចំនួន ០៦នាក់ រថយន្តកែច្នៃចំនួន ០១គ្រឿង ប្រគល់ទទួលជូនមន្រ្តីជំនាញសង្កាត់រដ្ឋបាលព្រៃឈើលាច ។
ប្រភពព័ត៌មានដដែលបន្តថា លុះនៅព្រឹកថ្ងៃទី១៩ ខែឆ្នាំដដែលនេះដែរ លោក វរសេនីយ៍ត្រី នៅ សុជាតិ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ដឹកនាំកម្លាំងសហការចុះដល់ចំណុចភូមិសាស្រ្តឃុំស្វាយស និងឃុំឈើតុំ ស្រុកក្រគរ លទ្ធផល៖ ដកហូតនូវវត្ថុតាង រថយន្តកែច្នៃចំនួន ០១គ្រឿង គោយន្ដកន្រ្តៃចំនួន ០១គ្រឿង ឈើរាជកុលចំនួន ១៧កំណាត់ ឈើមូលប្រភេទរកា និងសាឡាត់ចំនួន ១៧កំណាត់ បង្គោលរបងចំនួន ១៩៦០ដើម អុសចំនួន ១០៥ម៉ែត្រត្រីគុណ អប់រំប្រជាពលរដ្ឋចំនួន ០២គ្រួសារ បច្ចុប្បន្ន វត្ថុតាង រក្សាទុកនៅកន្លែងដដែល រងចាំប្រគល់ទទួលជូនមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ។
ប្រភពខាងលើបន្តទៀតថា នៅថ្ងៃដដែលលោក វរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងសហការចុះដល់ចំណុចស្ពានតាមុឹង ស្ថិតក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ លទ្ធផល៖ ដកហូតនូវវត្ថុតាង រថយន្តបាកុងដឹកផ្លែរណា ០១គ្រឿង បច្ចុប្បន្ន វត្ថុតាង រថយន្តបាកុងមានដឹកផ្លែរណា ដុតបំផ្លាញចោលនៅកន្លែង ៕ ប៉ឹម ពិន