ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយករងគណៈកម្មការជាតិយូណេស្កូកម្ពុជាម្នាក់ ប្រើហិង្សាវាយទៅលើស្រីស្នេហ៍យ៉ាងចាស់ដៃក្រោយទៅសួររឿងចង់ដោះដៃ និងរឿងជំពាក់លុយ៥ពាន់ដុល្លារមិនសង

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ បានរងការវាយដំយ៉ាងដំណំ ពីកណ្ដាប់ដៃប្រុសស្នេហ៍របស់ខ្លួនដែលមានទទួលនាទីជាអគ្គនាយករងគណៈកម្មការជាតិយូណេស្កូកម្ពុជា យ៉ាងចាស់ដៃ បន្ទាប់ពីរូបគាត់ទៅទារលុយប្រុសស្នេហ៍ដែលលួមលោមសុំស្នេហ៍រហូតធ្លាក់អន្លង់ស្នេហ៍ប្រុសព្រាន ព្រមទាំងប្រគល់ខ្លួន និងថែមទាំងឲ្យខ្ចីលុយចំនួន៥ពាន់ដុល្លារអាមេរិក អស់រយះពេល៥ ទៅ៦ខែហើយ មិនព្រមសងលុយបែរជាអំពើហិង្សាលើគាត់ទៅវិញ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦ ល្ងាចថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្បែររង្វង់មូលវិមានឯករាជ្យ ខាងមុខទីស្នាក់ការគណៈកម្មការជាតិយូណេស្កូកម្ពុជា ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។

ប្រុសសេ្នហ៍ដែលជាជនដៃដល់ ឈ្មោះ ស សុធា អាយុ៥០ឆ្នាំជាង មានឋានៈជាអគ្គនាយករងគណៈកម្មការជាតិយូណេស្កូកម្ពុជា ។ ចំណែកឯស្ត្រីរងគ្រោះមិនបានបញ្ជាក់អំពីអត្តសញ្ញាណនោះទេ មានអាយុប្រហែលជាង៤០ឆ្នាំ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺគេឃើញស្រ្តីរងគ្រោះបានជិះឡំប្រឺតា មួយគ្រឿង មកទីស្នាក់ការគណៈកម្មការជាតិយូណេស្កូកម្ពុជា ដើម្បីជួបលោក ស សុធា ដែលគាត់អះអាងថាប្រុសស្នេហ៍ធ្លាប់រួមរស់ជាមួយគ្នាអស់រយះពេលជិតកន្លះឆ្នាំ ដើម្បីនិយាយរឿងខ្ចីលុយរបស់គាត់ចំនួន៥ពាន់ដុល្លារ ប៉ុន្តែពេលមកដល់នៅមុខទីស្នាក់ការនោះជាកន្លែងកើតហេតុនោះ មិនទាន់និយាយអីផងក៏ប្រុសស្នេហ៍ក៏បានបើរថយន្តចេញពីកន្លែងធ្វើការ រួចចុះពីលើរថយន្ត ហើយធ្វើសកម្មភាពវាយទៅលើរូបគាត់ទាំងកំរោលជាង១០ដៃ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចដែលកំពុងធ្វើដំណើរតាមផ្លូវនាំគ្នាជួយធ្វើអន្តរាគមន៍ភ្លាមៗផងដែរ ។ ដោយក្នុងហេតុការណ៍នោះស្រ្តីរងគ្រោះបានស្រែកថាលោក ស សុធា ថា “ម៉េចដេកជាមួយគេហើយ ចង់បោះបង់គេចោលមែន ធ្វើមនុស្សត្រូវតែទទួលខុសត្រូវ ” ។

ស្ត្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកទៀតថា កន្លងមករូបគាត់ និងលោក ស សុធា ដែលជាអគ្គនាយករងគណៈកម្មការជាតិយូណេស្កូកម្ពុជា បានលួចលាក់ស្នេហាគ្នាអស់រយៈពេល៥ ទៅ៦ ខែកន្លងមកហើយ ព្រមទាំងរូបគាត់បានមានស្នេហាស៊ីជម្រៅរហូតឡើងលើគ្រែជាមួយគ្នានៅឯខេត្តសៀមរាបផងដែរ និងដោយមានការទុកចិត្តគាត់ក៏បានឱ្យប្រុសស្នេហ៍របស់ខ្លួនខ្ចីលុយចំនួន៥ពាន់ដុល្លារ ដោយធានាថានឹងឱ្យការប្រាក់ ប៉ុន្តែក្នុងរយៈពេល៦ខែទៅហើយរូបគាត់មិនដែលបានការប្រាក់ទេ ។ ទើបធ្វើឲ្យគាត់មានការខឹងសម្បាបានមកដល់ទីស្នាក់ការតែម្តង នៅពេលមកដល់មិនទាន់បាននិយាយអីគេផង ស្រាប់តែលោកស សុធា បើករថយន្តម៉ាកហ្វ័ត ពាក់ស្លាកលេខរដ្ឋ ចេញពីកន្លែងធ្វើការមកឈប់មុខស្នាក់ការចុះមកវាយរូបគាត់យ៉ាងចាស់ដៃដោយមិនព្រមនិយាយអ្វីសោះ ភ្លាមនោះមានការភ្ញាក់ឡើងបន្ទាប់មកគេឃើញមានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ចុះមកឃាត់ខ្លួនបុរសដៃដល់ និងស្ត្រីរងគ្រោះទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួររកមូលហេតុ ។

ដោយឡែកលោកស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ធ្វើការឃាត់ខ្លួន និងសាកសួរភាគីដៃដល់ និងភាគីស្ត្រីរងគ្រោះ រួចមកភាគីទាំង២ ដែលមានទំនាក់ទំនងស្នេហាស៊ីជម្រៅកន្លងមកបានសម្របសម្រួលគ្នា ដោយស្រ្តីរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ ។ ទើបសមត្ថកិច្ចបានធ្វើកិច្ចសន្យាណែនាំមិនឲ្យប្រើអំពើហិង្សាដូច្នេះទៀត បើសិនជាមានលើកក្រោយនឹងមានវិធានការតាមច្បាប់ ។

ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋ ក៏បានរិះគន់យ៉ាងចាស់ដៃចំពោះលោក ស សុធា ដែលជាអគ្គនាយករងគណៈកម្មការជាតិយូណេស្កូកម្ពុជា ជាមនុស្សចេះដឹង និងជាថ្នាក់ដឹកនាំគេផងដែរ តែធ្វើទង្វើ និងចរិកថោកទាបមិនស្មាននឹងអ្នករើសសំរាមផង ៕ ស រស្មី


ចែករំលែក៖