ព័ត៌មានទាន់ហេតុការណ៍៖

លោកលីន ញ៉ក់ ជំរុញ មន្ត្រីរដ្ឋបាលខណ្ឌឫស្សីកែវ ត្រូវតែគោរពម៉ោងពេលធ្វើការឲ្យបានទៀងទាត់

ចែករំលែក៖

ភ្នំពេញ៖ លោក លីន ញ៉ក់ អភិបាលរងខណ្ឌឫស្សីកែវ បានណែនាំដល់មន្ត្រីនៃរដ្ឋបាលខណ្ឌឫស្សីកែវ ទាំងអស់ត្រូវគោរពម៉ោងពេលធ្វើការងារឲ្យបានទៀងទាត់តាមច្បាប់ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋក៏ដូចបំពេញការងារដែលការិយាល័យនិមួយៗ ត្រូវធ្វើបញ្ជូនទៅគណៈអភិបាលខណ្ឌ និង ថ្នាក់រាជធានីឲ្យទាន់ពេលកំណត់ តាមតារាងកាលវិភាគការងារប្រចាំសប្ដាហ៍ ។

លោកបន្តថាកន្លងទៅមានមន្ត្រីខ្លះហាក់នៅមិនទាន់គោរពបានទៀងទាត់ចំពោះការងាររបស់ខ្លួនត្រូវធ្វើឡើយ ដែលពេលខ្លះការងារនោះ គណៈអភិបាលខណ្ឌទទួលបញ្ជាពីថ្នាក់លើមកត្រូវធ្វើបន្ទាន់ ទើបទាមទារការគោរពម៉ោងពេល ។ ទន្ទឹមនេះដែរមន្ត្រីមួយចំនួនក៏បានធ្វើការមិនគិតពីពេលម៉ោងឡើយ ដែលជាករណីចាំបាច់មិនអាចចាំពេលវេលានោះទេ ។

លោក លីន ញ៉ក់ ដាស់តឿនដល់មន្ត្រីក្រោមឱវាទដូចខាងលើនេះ ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និង វិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយជូនថ្នាក់ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខណ្ឌ មន្ត្រីសាលាខណ្ឌ និង សង្កាត់ចំណុះ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំខណ្ឌ ដើម្បីឲ្យការអនុវត្តការងារប្រកបដោយភាពរលូន និង ប្រសិទ្ធភាព ។ ​

លោក កែវ ធីវុធ ឧបការី នៃ អង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា៖ ច្បាប់នេះមានបំណងលើកកំពស់ប្រសិទ្ធិភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនិតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និង កាត់បន្ថយភាពក្រីក្រ ។ គោលដៅច្បាប់នេះ ប្រយុទ្ធប្រឆាំងនឹង អំពើពុករលួយ តាមរយៈការចាត់វិធានការអប់រំ បង្កាទប់ស្កាត់ និង អនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ ដោយមានការគាំទ្រ និង ចូលរួមពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរ ជាតិ ។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ ទូទាំងព្រះរាជាណាចក្រកម្ពុជា ។

លោក បានបញ្ជាក់ថា៖បទល្មើសពុករលួយ និងទោសចំនួន៤០មាត្រា ដែលមាន បញ្ញតិតនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕ អរុណរះ

 


ចែករំលែក៖