ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនឹងត្រួតពិនិត្យរកសារធាតុញៀន ចំពោះអ្នកបើកបររថយន្តធំ និងព្រូឡាន ហើយបញ្ជូនទៅបន្សាបគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃចន្ទ ទី២២ ខែកក្កដា តទៅ កម្លាំងចម្រុះរបស់ការិយាល័យចរាចរណ៍ផ្លូវគោកសហការជាមួយកម្លាំងតាមបណ្តាខណ្ឌនានា នឹងត្រួតពិនិត្យជាប្រចាំនៅគ្រប់ផ្លូវចេញចូលក្រុង ទៅលើអ្នកបើកបរ និងព្រូរថយន្តធំដើម្បីត្រួតពិនិត្យរកសារធាតុញៀន និងជាតិស្រវឹង ។ បើរកឃើញនោះ កម្លាំងនឹងឃាត់រថយន្តទុក និងនាំខ្លួនអ្នកបើកបរ និងព្រូ យកទៅមជ្ឈមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន ។

ក្នុងកិច្ចប្រជុំមួយ នាថ្ងៃទី២១ ខែកក្កដា នេះ ដោយមានការចូលរួមពីស្នងការរង និង អធិការខណ្ឌទាំង១៤រួមទាំងការិយាល័យដែលពាក់ព័ន្ធ ផងនោះ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងថា អ្នកបើក និងអ្នកជិះម៉ូតូពីក្រោយ ត្រូវតែពាក់មួកសុវត្ថិភាពជាប្រចាំ ទាំងពេលយប់ និងពេលថ្ងៃ បើមិនពាក់មួកសុវត្ថិភាពទេ សមត្ថកិច្ចនឹងឃាត់ទុកមិនឲ្យបន្តដំណើរទៅមុខទៀតឡើយ រហូតដល់ពេលគាត់ទៅយកមួកសុវត្ថិភាពមកពាក់ ។ ប៉ុន្តែរយៈពេលមួយខែចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះគឺមិនមានការផាកពិន័យឡើយ ។

លោក ស ថេត សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា និង សូមក្រុមហ៊ុនដឹកជញ្ជូន ក៏ដូចជាសមាគមអ្នកដឹកជញ្ជូនទាំងអស់ចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕ ចេស្តា


ចែករំលែក៖