ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឈ្មួញលួចនាំចូលឥដ្ឋគេចពន្ធពីវៀតណាម តាមច្រករបៀង នាំឲ្យសិប្បកម្មឡឥដ្ឋខ្មែរ ក្នុងខេត្តស្វាយរៀង ប្រឈមនឹងបិទទ្វារ ដោយសារក្ស័យធន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមអាជីវករឡឥដ្ឋ និងអ្នកប្រកបរកសុីលក់ឥដ្ឋខ្មែរ ក្នុងខេត្តស្វាយរៀងបាននាំគ្នាត្អូញត្អែរអំពីមុខរបររបស់ខ្លួនដោយលក់ឥដ្ឋមិនសូវដាច់ ខណៈដែលសមត្ថកិច្ចនៅតាមច្រករបៀងមួយចំនួននៅខេត្តមួយនេះ បណ្តោយក្រុមឈ្មួញនាំឥដ្ឋពីវៀតណាមមកលក់ក្នុងភូមិសាស្ត្រខេត្តស្វាយរៀងយ៉ាងរលូន ដោយគ្មានការបង់ពន្ធចូលរដ្ឋនោះទេ ធ្វើ ឲ្យសិប្បកម្មឡឥដ្ឋមួយចំនួនក្នុងខេត្តប្រឈម និងបិទ ទ្វារព្រោះឥដ្ឋវៀតណាមបានវាយលុកទីផ្សារខ្លាំងពេក ។

ក្រុមអាជីវករបានឲ្យដឹងថា សព្វថ្ងៃរថយន្តដឹកឥដ្ឋដែលប្រើប្រាស់ស្លាកលេខវៀតណាម និងស្លាកលេខខ្មែរ រាប់សិបគ្រឿងបានដឹកឥដ្ឋមកចែកចាយនៅក្រុងបាវិត និងតាមភូមិសាស្ត្រស្រុក ក្រុងមួយចំនួននៃខេត្តស្វាយរៀង ហើយពុំបានបង់ពន្ធចូលរដ្ឋនោះទេ ដោយមានការត្រូវគ្នាជាមួយសមត្ថកិច្ចព្រំដែន អនុញ្ញាតឲ្យនាំចូល ធ្វើឲ្យសិប្បកម្ម ឡឥដ្ឋខ្មែរ លក់មិនដាច់ ហើយខាតបង់ និងត្រូវចំណាយច្រើន ទាំងកម្មករ និងថ្លៃភ្លើង កន្លែងឡឥដ្ឋខ្លះប្រឈមបិទការផលិតដោយសារក្ស័យធន់ផងដែរ ។

ក្រុមអាជីវករបានបញ្ជាក់ថាឡឥដ្ឋពួកគាត់មានច្បាប់អនុញ្ញាតពីក្រសួងដែលពាក់ពន្ធ័ និងអាជ្ញាធរត្រឹមត្រូវ និងបង់ពន្ធជូនរដ្ឋយ៉ាងទៀងទាត់ ចំណែកឥដ្ឋវៀតណាមវិញគឺពុំមានបង់ចូលរដ្ឋពន្ធនោះទេដែលនាំឲ្យខាតបង់ថវិការរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយឈ្មួញទាំងនោះ បានរត់ការបង់តែក្បាលរថយន្ត ឲ្យសមត្ថកិច្ចដែលឈរជើងច្រករបៀងនោះតែប៉ុណ្ណោះ ហើយអាចចូលមកលក់ក្នុងខេត្តស្វាយរៀងដោយរលូន ។

ក្រុមអាជីវករបានបន្តថា តម្លៃឥដ្ឋក្នុងមួយដុំក្រុមឈ្មួញដែលនាំចូលពីវៀតណាម លក់ថោកជាងឥដ្ឋខ្មែរ២០ភាគរយ ដោយសារមិនបង់ពន្ធចូលរដ្ឋទើបធ្វើឲ្យឥដ្ឋវៀតណាមលក់ថោកជាង ។ ហើយម្យ៉ាងទៀតតម្លៃពលកម្មខាងយើងថ្លៃ និងថ្លៃទឹក ភ្លើងនៅខាងយើងក៏ថ្លៃជាងគេបន្តិចដែរ ។

ក្រុមអាជីវករបានប្រាប់ឲ្យដឹងទៀតថារថយន្តដឹកឥដ្ឋវៀតណាមចូលមកទឹកដីខេត្តស្វាយរៀងតាមច្រកព្រំដែន ប្រាសាទស្ថិតក្នុងសង្កាត់ប្រាសាទ ក្រុងបាវិត និងច្រករបៀងមួយមួយចំនួនទៀតនៅក្នុងស្រុកស្វាយទាប និងស្រុករំដួលដែលនាំចូលមកនៅវេលាយប់ចាប់ពីម៉ោង១រំលងអាធាត្ររហូតដល់ម៉ោង៥ភ្លឺ ដឹកបំផ្លាញផ្លូវមិនត្រូវបានសមត្ថកិច្ច និងអាជ្ញាធរទប់ស្កាត់នោះទេ ។

អាជីវករបានបញ្ជាក់ថា សិប្បកម្មឡឥដ្ឋនៅខេត្តស្វាយរៀង និងនៅអ្នកលឿង ខេត្តព្រៃវែងសព្វថ្ងៃគឺអាចផ្គត់ផ្គង់នៅការសាងសង់សំណង់ទាំងពីរខេត្តនេះបាន បើទោះបីកំណើននៃការសាងសង់ អគារខ្ពស់ៗច្រើននៅក្នុងក្រុងបាវិតយ៉ាងណាក៏ដោយ ។

ក្រុមអាជីវកឡឥដ្ឋបានអំពាវនាវ និងសំណូមដល់សមត្ថកិច្ចដែលពាក់ពន្ធ័ជាពិសេសលោកអភិបាលខេត្តស្វាយរៀង មេត្តាចាត់វិធានការទប់ស្កាត់ការនាំចូលឥដ្ឋគេចពន្ធពីវៀតណាមផង ហើយបើអនុញ្ញាតឲ្យនាំចូលត្រូវចាប់ឲ្យបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ដើម្បីអាជីវករបានប្រកួតប្រជែងលក់ឥដ្ឋនៅលើទីផ្សារឲ្យបានស្នើរភាពគ្នា និងមានតម្លៃសមរម្យ និងជាពិសេសបានប្រាក់ចូលរដ្ឋបង្កើនសេដ្ឋកិច្ចជាតិផងដែរ ។

បើតាមក្រុមអាជីវករបានបង្ហើបឲ្យដឹងថា ចំពោះបញ្ហាឥដ្ឋវៀតណាមដែលកំពុងវាយលុកនៅខេត្តស្វាយរៀងដណ្តើមទីផ្សារឥដ្ឋខ្មែរ ពួកគាត់ធ្លាប់បានស្នើរសុំបទអន្តរាគមន៍ីអាជ្ញាធរខេត្តស្វាយរៀងធ្វើការទប់ស្កាត់ឥដ្ឋគេចពន្ធដែលនាំចូលពីវៀតណាមដែរ តែនៅតែឃើញវត្តមានរថយន្តដឹកឥដ្ឋយ៉ាងគគ្រឹកគគ្រេងបន្តនាំចូលមកលក់ក្នុងខេត្តដដែល ។

ពាក់ពន្ធ័ទៅ និងការនាំចូលឥដ្ឋគេចពន្ធពីវៀតណាមតាមច្រករបៀង នៃខេត្តស្វាយរៀងនេះ នគរវត្តមិនអាចរកការបំភ្លឺពីសមត្ថកិច្ចនៅតាមច្រករបៀងព្រំដែន ដែលនាំឥដ្ឋចូលនោះបានទេ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ។

ចំណែកលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងបានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទថា ករណីមានក្រុមឈ្មួញនាំឥដ្ឋតាមច្រករបៀងនានា ចូលមកខេត្តស្វាយរៀងគឺយើងមិនអាចបិទទាំងស្រុង បានទេ ព្រោះទំនិញជាប់ នឹងព្រំដែនដោះដូរគ្នាទៅវិញទៅមក ប៉ុន្តែលោក នឹងបើកកិច្ចប្រជុំជាមួយលោកអភិបាលក្រុងស្រុក និងមន្ត្រីជំនាញដែលពាក់ពន្ធ័សំដៅធ្វើយ៉ាងណាឲ្យក្រុមហ៊ុនដែលនាំពីប្រទេសវៀតណាមត្រូវដឹកចូលតាមទីតាំងឲ្យបានច្បាស់លាស់ និងត្រូវឲ្យមន្ត្រីជំនាញធ្វើការបង់ពន្ធចូលរដ្ឋដើម្បីឲ្យការនាំចូល និងសិប្បកម្មដែលផលិតក្នុងស្រុកមានទីផ្សារប្រហាក់ប្រហែលគ្នាផងដែរ ៕ យឹម សុថាន


ចែករំលែក៖