ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវចុះពីភ្នំគូលែនខាងកើត បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ ក្នុងចំណោម១៣នាក់ ដែលរបួសធ្ងន់ និងស្រាល

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ បណ្ដាលឲ្យមនុស្ស១៣នាក់រងបួសធ្ងន់ និងស្រាល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៤០នាទី ថ្ងៃអាទិត្យទី២១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវចុះភ្នំគូលែន ផ្នែកខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។

លោកវរៈសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា រថយន្តដឹកភ្ញៀវទេសចរណ៍ ១៥កៅអី ម៉ាក SANG YONG ក្រោយពេលភ្ញៀវទស្សនានៅ ព្រះអង្គធំរួច រថយន្តបានធ្វើដំណើរដឹកភ្ញៀវចេញពីព្រះអង្គរធំ ឆ្ពោះមកកាន់ប្រាសាទបេងមាលា ដោយបានចុះតាមផ្លូវផ្នែកខាងកើត ស្រាប់តែពេលចុះរថយន្តមានបញ្ហាបណ្តាលឲ្យក្រឡាប់ ប៉ះជើងឡើងលើតែម្តង ធ្វើឲ្យភ្ញៀវទេចរណ៍ចិនទាំង១៣នាក់ រងរបួល ក្នុងនោះ ប្រុស៥នាក់ និង ស្រី២នាក់ រងរបួសធ្ងន់ ។ លោកក៏បានឲ្យដឹងទៀតថា អ្នករងរបួសទាំងអស់ត្រូវបានមណ្ឌលសុខភាពស្រុកស្វាយលើយករថយន្តសង្រ្គោះមកដឹកជញ្ជូនទៅសង្រ្គោះ តែអកុសលនៅពេលបញ្ជូនអ្នករងគ្រោះមកដល់មន្ទីរពេទ្យ ស្រាប់តែបុរសម្នាក់ និងស្រីម្នាក់បានបាត់បង់ជីវិត ។

លោកអធិការក៏បានបញ្ជាក់ផងដែរថា កាលពីដើមខែកក្កដា ឆ្នាំនេះក៏មានរថយន្តទេសចរណ៍២៤កៅអី គ្រោះថ្នាក់នៅនៅចំណុចខាងលើនេះដែរ ដោយ សារផ្លូវនេះ បានកំពុងស្ថាបនា ដោយក្រុមហ៊ុន ទ្រី ភាព គ្រុប ។ ម៉្យាងទៀត ដោយអ្នកបើកបរនេះ មិនស្គាល់ពីស្ថានភាពផ្លូវ ព្រមទាំងអ្នកបើកបរ ទើបតែនឹងចេះបើកបរ មិនស្ទាត់ជំនាញឡើយ ។ តាមការបញ្ជាក់របស់ប្រជាពលរដ្ឋក្នុងភូមិ តាពេញ ដែលបានមើលឃើញហេតុកាណ៍នេះ បានឲ្យដឹងថា នៅពេលរថយន្តបើកបរ ចុះពីភ្នំទៅក្រោមនោះ បានបើកបរយ៉ាងលឿន ដោយមិនមានការប្រុងប្រយ័ត្នឡើយ ដូចការបើកបរនៅផ្លូវរាបស្មើ ។ តែដោយ សារល្បឿនលឿនផងនោះ អ្នកបើកបរបានជាន់ហ្វ្រាំង ធ្វើឲ្យរថយន្តរេពេញផ្លូវបាត់ភាពម្ចាស់ការ ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើតែម្តង ហើយធ្វើឲ្យអ្នកជិះខាងក្នុងរថយន្តរងរបួសទាំងអស់ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិ ទៅជួយធ្វើការសង្រ្គោះចេញពីរថយន្ត ផងដែរ ។

ក្រោយហេតុការណ៍កើតឡើង អ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ កម្លាំងជំនាញ បានចុះវាស់វែង និង ស្រាវជ្រាវអំពីករណីនេះបន្ថែមទៀត ។ ចំពោះរថយន្តត្រូវបានកម្លាំងជំនាញយកទៅរក្សាទុក នៅអធិការនគរបាលស្រុក ដើមី្បរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖