ព័ត៌មានទាន់ហេតុការណ៍៖

សត្វផ្សោត​មួយក្បាល​​ងាប់ ដោយសារជាប់មង

ចែករំលែក៖

ខេត្តក្រចេះ៖ សាកសពសត្វផ្សោត ត្រូវបានយកមករក្សាទុកនៅក្នុងទូទឹកកកនៅឯការិយាល័យ WWF-ប្រចាំខេត្តក្រចេះ ដើម្បីទុកធ្វើកោសល្យវិច័យ។ ក្រុមការងារស្រាវជ្រាវរួមដែលមានរដ្ឋបាលជលផល និងអង្គការ WWF បានធ្វើការសន្និដ្ឋានជាបឋមថាសត្វផ្សោតនោះ ស្លាប់ដោយសារជាប់ម៉ង ព្រោះមានស្នាមមង នៅកន្ទុយរបស់វា។
ផ្សោតនោះមានទំងន់ ១០៤ គីឡូក្រាម មានប្រវែងសរុប ១,៩៨ ម៉ែត្រ និងអាយុប្រហាក់ប្រហែលចន្លោះពី ១៥-១៨ ឆ្នាំ។
សត្វផ្សោតដែលស្លាប់នេះ ត្រូវបានគេកត់សម្គាល់ថាជាសត្វផ្សោតទី ៥ ហើយ ដែលបានត្រូវគេប្រទះឃើញងាប់ តាំងពីខែមករា ឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន ហើយចំនួនកូនផ្សោតដែលកើតក្នុងកំឡុងពេលដូចគ្នានេះគឺមានចំនួន ៩ក្បាល។
អង្គការ WWF បានឲ្យដឹងថា ការដាក់មងនៅក្នុងតំបន់អភិរក្ស គឺជាកត្តាចម្បងដែលធ្វើឲ្យមានការងាប់សត្វផ្សោតទន្លេមេគង្គ។ យើងខ្ញុំសូមអំពាវនាវ សូមកុំឲ្យមានការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្សដើម្បីការពារសត្វផ្សោតទន្លេមេគង្គដែលជាបេតិកភណ្ឌមានជីវិតដ៏មានតម្លៃរបស់ប្រទេសយើង ។
លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផល និងជាប្រធានឆ្នាំទន្លេអភិរក្សសត្វផ្សោត​ខេត្តក្រចេះ​មានប្រសាសន៍ថា   ក្នុងនាមឆ្មាំទន្លេខេត្តក្រចេះ និងក្នុងនាមខ្ញុំផ្ទាល់សូមសំណូមពរដល់បងប្អូនប្រជានេសាទទាំងអស់សុំមេត្តាឈប់ជាបន្ទាន់នូវការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់នៅក្នុងតំបន់អភិរក្សផ្សោតដូចជា នេសាទដោយប្រើប្រាស់ឧបករណ៍អាំងវែកទ័រឆក់ត្រី ថ្នាំពុល ពិសេសមងផងដែរ ព្រោះថា ឧបករណ៍ទាំងនេះវាបានបង្កនូវមហន្តរាយយ៉ាងខ្លាំងដល់ជីវិតសត្វផ្សោត និងត្រីមេពូជក្នុងអាងទន្លេមេគង្គរបស់យើង ៕ ហេង សូរិយា

ចែករំលែក៖