ព័ត៌មានទាន់ហេតុការណ៍៖

ដេកក្នុងបន្ទប់មិនបិទទ្វារ ត្រូវជនសង្ស័យចូលលួចម៉ូតូបាត់

ចែករំលែក៖

ភ្នំពេញ​៖​ ប្តីប្រពន្ធវ័យក្មេងមួយគូ បានទុកម៉ូតូក្នុងបន្ទប់ ហើយដេកលង់លក់ដោយមិនបានបិទទ្វារបន្ទប់ លុះព្រឹកឡើងមិនដឹងបាត់ម៉ូតូទៅណា រត់ទៅប្តឹងនគរបាលអន្តរាគមន៍ កាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩​ នៅបន្ទប់ជួលស្ថិតនៅភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ យស សុខវណ្ណាត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅចំណុចកើតហេតុ មានស្រុកកំណើត នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែកម៉ូតូដែលជនសង្ស័យ លួចយកទៅបាត់ ត្រូវបានជនរងគ្រោះអះអាងថា ម៉ាក ស៊ុយហ្សុយគី លេត ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ កណ្តាល 1T-4670 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ កាលពីយប់ថ្ងៃទី២២ ខែកក្កដា គាត់ទាំង២នាក់ គេងកើយ ចុចទូរស័ព្ទលេង រហូតទន់ភ្នែកជ្រុល ក៏លង់លក់ ទាំង២នាក់បាត់ទៅ ទាំងមិនបានបិទទ្វារបន្ទប់ លុះរហូតដល់ព្រឹកឡើងថ្ងៃទី២៣ ខែកក្កដានេះ ភ្ញាក់ដឹងខ្លួន ទើបដឹងថាអុញ ម៉ូតូជនសង្ស័យ លួចយកទៅបាត់ ទាំងកូនសោនៅជាប់ម៉ូតូហើយជាស្រេច ទើបឆោឡោ ។

ក្រោយកើតហេតុ ទើបនាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍ ស្រាវជ្រាវ ៕ សុខាសែនជ័យ


ចែករំលែក៖