ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ រណ្តៅដី​នៅឃុំសៀមរាប ស្រុកកណ្តាលស្ទឺង ដំណើរការដោយរលូន

ចែករំលែក៖

បើទោះបីជាប្រជាពលរដ្ឋ​នៅឃុំសៀមរាប ស្រុកកណ្តាលស្ទឹង​អះអាងថា ពួកគាត់​កំពុងរស់នៅក្នុងសេចក្តីភ័យព្រួយ ព្រោះតែ​រណ្តៅដីជ្រៅៗរបស់ឈ្មួញបែបណាក៏ដោយ ក៏អាជ្ញាធរ​ ជាពិសេសស្ថាប័នជំនាញ​មិនរវល់​នឹងដោះស្រាយបញ្ហាជូនពួកគាត់នោះទេ ។ រណ្តៅដីជ្រៅៗ ខុសបទដ្ឋានបច្ចេកទេស​កំពុងដំណើរការជីកជារៀងរាល់ថ្ងៃ ។ អ្នកភូមិនិយាយថា ថៅកែរណ្តៅដីមិនញញើត​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោមនោះឡើយ ប្រការនេះទំនងជាថៅកែ​បានផ្តល់លាភសក្ការ ឬផលប្រយោជន៍​ឲ្យពួកមន្ត្រីថ្នាក់លើ​(ថ្នាក់ខេត្ត) រួចអស់ហើយ ទើបបានជា​មិនដែលខ្វល់ចំពោះសេចក្តីព្រួយបារម្ភ ឬកង្វល់របស់ប្រជាពលរដ្ឋ ។ អ្នកភូមិនិយាយថា ម្ចាស់រណ្តៅដីនេះ​ តែងតែ​អួតថា គេមានច្បាប់ទម្លាប់ត្រឹមត្រូវ ។ យ៉ាងដូច្នេះ គេឃើញពួកមន្ត្រីនៃមន្ទីររ៉ែ និងថាមពលខេត្តកណ្តាលទៅអើតឈ្ងោកមើលរណ្តៅដីនោះដែរ ប៉ុន្តែទំនងជាទៅដើម្បីបានសាំង និងថ្លៃបាយតែប៉ុណ្ណោះ ។

ប្រភពពីប្រជាពលរដ្ឋ​បានឲ្យដឹងថា រណ្តៅដីនៅឃុំសៀមរាប ស្រុកកណ្តាលស្ទឹង​ជារបស់ភរិយាលោក ម៉ៅ សុផល ។ លោកម៉ៅ សុផល ជាមន្ត្រី​ក្រសួងមហាផ្ទៃ ដែលមានអំណាចធំ និងមានលុយកាក់ច្រើនសន្ធឹក ។ រណ្តៅដី ដែលមានជម្រៅៗនេះ ស្ថិតនៅឃុំសៀមរាប ស្រុកកណ្តាលស្ទឹង អែបតាមផ្លូវជាតិលេខ២ ។ អ្នកភូមិសង្ស័យថា មានការឃុបឃិតគ្នា ទើបបានជាមន្ត្រីនៃមន្ទីររ៉ែ និងថាមពល មិនដែលខ្វល់ចំពោះរណ្តៅដី​ខុសបទដ្ឋានបច្ចេកទេសនេះ ។ ប្រភពបន្ថែមថា លោក យ៉ិន រដ្ឋា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល អាចទទួលបានលាភសក្ការពីភរិយាលោកម៉ៅ សុផល រឿងរណ្តៅដីនេះ ទើបបានជា​បណ្តោយឲ្យប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច​ រីឯអាជ្ញាធរខេត្តកណ្តាល ពោលគឺលោកអភិបាលខេត្តតែម្តង ក៏មិនដែលឮមាត់ ឮក ក្នុងរឿងរណ្តៅដីរបស់ភរិយាលោកម៉ៅ សុផល នោះដែរ ។ ដូច្នេះ ប្រជាពលរដ្ឋ មានតែត្រូវរស់តាមយថាកម្មប៉ុណ្ណោះ ។

គេរាយការណ៍ថា ថៅកែរណ្តៅដីនេះ ជាអ្នកមានអំណាចធំ​នៅ​ក្រសួងរ៉ែ និងថាមពល តាំងពីយូរណាស់មកហើយ ។ ការជីករណ្តៅដីជ្រៅៗនេះ ត្រូវបានប្រភពខ្លះអះអាងថា ដើម្បីធ្វើអាងទឹកផលិតទឹកស្អាត ។ ប៉ុន្តែការពិតយ៉ាងណានោះ មិនទាន់ដឹងនៅឡើយទេ នៅគ្រាដែលសកម្មភាពនៃការជីក​មិនសម្រាកសោះឡើយ ពោលគឺចាប់ពីម៉ោង៥ភ្លឺរហូតដល់ម៉ោង៩យប់ ទើបសម្រាក ។ ប្រជាពលរដ្ឋព្រួយ​បារម្ភខ្លាចមានសត្វធាតុ ឬក៏​មានការរលំបាក់ច្រាំងរណ្តៅដីនោះ ។ សេចក្តីព្រួយបារម្ភរបស់អ្នកភូមិ មិនបានទាក់ទាញ​ការចាប់អារម្មណ៍ពីអាជ្ញាធរថ្នាក់ស្រុក និងខេត្តនោះឡើយ ។ អ្នកភូមិ​ក៏នៅតែរស់ក្នុងកង្វល់ ព្រោះមិនដឹងថា តើរណ្តៅដីនៅក្បែរភូមិរបស់ពួកគាត់ គេជីកជ្រៅៗនោះក្នុងគោលបំណងអ្វីឲ្យពិតប្រាកដ ។ ដូច្នេះមានតែទ្រាំរស់ទាំងកង្វល់ ជាប់ក្នុងខួរក្បាល​ជារៀងរាល់ថ្ងៃដូច្នោះទៅ ៕


ចែករំលែក៖