ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះកម្មករចំនួន១៨បន្ទប់ របស់ក្រុមហ៊ុន អាន ម៉ាឌី នៅស្រុកសេសាន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ផ្ទះកម្មករចំនួន៩ខ្នងស្មើនិង១៨បន្ទាប់ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង នៅវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្នុងដីឡូត៍ចំការកៅស៊ូរបស់ក្រុមហ៊ុន អាន ម៉ាឌី ស្ថិតនៅភូមិទឹកលិច ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ខណៈបងប្អូនកម្មករកំពុងបំពេញការងារ ស្រាប់តែមានស្ត្រីម្នាក់បានរត់ទៅ ហៅគេឯងថា មានភ្លើងឆេះផ្ទះហើយក៏នាំគ្នាជួយពន្លត់ ប៉ុន្តែពន្លត់មិនរលត់នោះទេ ដោយសារតែភ្លើងបានឆេះខ្លាំង។

នគរបាលខេត្តស្ទឹងត្រែងបាន ប្រាប់ឲ្យដឹងថា តាមការស្រាវជ្រាវអគ្គិភ័យនេះបានបង្កឡើងចេញពីភ្លើងចង្ក្រានដែលម្ចាស់ផ្ទះបានដាំស្លររួចមិនពន្លត់ ហើយកំទេចភ្លើងបានជ្រុះទៅប៉ះនឹងជញ្ជាំងទើបបង្កជាអគ្គិភ័យ។ សមត្ថកិច្ចបានចុះជួយអន្តរាគន៍បាញ់ពន្លត់ដោយប្រើរថយន្តចំនួន២គ្រឿងអស់ទឹកជាង១០រថយន្តទើបរលត់ទៅវិញ។

ក្រៅពីខូចខាតទាំង១៨បន្ទប់ គឺមានការបាត់បង់នូវទ្រព្យសម្បត្តិ, សម្ភារ និងលុយរាប់លានរៀលរបស់បងប្អូនកម្មករផងដែរ ខណៈមិនមាននរណាម្នាក់អាចយកចេញទាន់ពេលនោះទេ។

នគរបាលបានបញ្ជាក់ថា អគ្គិភ័យបានឆេះចំនួនពីរលើកមកហើយ ខណៈកាលពីប៉ុន្មានខែថ្មីៗនេះ ផ្ទះកម្មករចំនួន៥ខ្នង ក្បែររោងចក្រក៏ត្រូវអគ្គិភ័យឆាបឆេះផងដែរ ដោយសារឆ្លងចរន្តអគ្គិសនី ៕ មាសសុផាត


ចែករំលែក៖