ព័ត៌មានទាន់ហេតុការណ៍៖

ចិន ៖ អាមេរិកជាអ្នកបំផ្លាញសន្តិសុខ សន្តិភាព ស្ថេរភាពពិភពលោក​

ចែករំលែក៖

សកម្មភាពរបស់អាមេរិក រយៈ​ពេលកន្លងមក ទាំងតំបន់មជ្ឈិមបូព៌ា រហូតដល់ សមុទ្រចិន​ខាងត្បូង ខាងកើត ក៏ដូចជាការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសមួយចំនួន ដូចវេណេហ្ស៊ុយអេឡា និងចិនជាដើម ទាំងនោះគឺជាសកម្មភាពបំផ្លាញសន្តិសុខ ស្ថេរភាពនៅលើពិភពលោកទាំងមូល ។

សកម្មភាពទាំងនោះត្រូវបានចិន ចារនៅក្នុងសៀវភៅសការពារជាតិរបស់ចិន ។ នៅក្នុងសៀវភៅស រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា ស្ថានភាពពាក់ព័ន្ធ និងកោះតៃវ៉ាន កាន់តែអាក្រក់ទៅ​ ។ ក្រុមអ្នកគាំទ្រកោះតៃវ៉ាន ឯករាជ្យ​គឺជាការគំរាមកំហែង ដល់សន្តិសុខ ​ស្ថេរភាព និងសន្តិភាព​ ដល់តំបន់ និងពិភពលោកទាំងមូល​ ។

សារព័ត៌មាន​រ៉យទ័របានផ្សាយថា ក្រសួងការពារជាតិអាមេរិកនាពេលថ្មីៗនេះ បានអនុម័ត លក់អាវុធទៅឲ្យកោះតៃវ៉ានមានតម្លៃ រហូតដល់ទៅ​ជាង​២,២ពាន់លានដុល្លារ ។ សកម្មភាពទាំងនោះជាការបំពានច្បាប់ចិត តែមួយដែលអាមេរិក បានព្រមព្រៀង ។ កោះតៃវ៉ាន គ្រាន់តែជាខេត្តស្វ័យភាពមួយរបស់ចិនតែប៉ុណ្ណោះ ។

នៅក្នុងសន្និសីទកាសែតប្រកាសពីសៀវភៅការពារជាតិ តំណាងក្រសួងការពារជាតិចិន​បានប្រកាសថា ចិនមិនសន្យាថានឹងមិនប្រើប្រាស់កម្លាំងយោធា អាវុធ ទៅលើតៃវ៉ាននោះឡើយ​ ។ ប្រសិនបើតៃវ៉ាន ប្រកាសឯករាជ្យនោះ ចិននឹងវាយប្រហារទៅលើកោះនេះជាមិនខាន ។

សៀវភៅការពារជាតិចិន មានចំណងជើងថា ​«ការពារជាតិក្នុងសករាជថ្មី» ត្រូវបានប្រកាសជាផ្លូវការដោយការិយាល័យព័ត៌មានជាតិ ។ សារព័ត៌មានចិនបានផ្សាយថា សៀវភៅការពារជាតិចិន និងជួយដល់សហគមន៍អន្តរជាតិ​យល់កាន់តែច្បាស់ពី សកម្មភាពការពារជាតិរបស់ចិន​៕


ចែករំលែក៖