ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកក្រុមហ៊ុន ឆាយវ៉ាន់២នាក់ គំរាមប្លន់យកប្រាក់២លាន៤សែនដុល្លារ ក្នុងចំណោមលុយ៥លានដុល្លារ ត្រូវបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បន្ទាប់ពីបំបែកសំណុំរឿងបុគ្គលិកក្រុមហ៊ុនឆាយវ៉ាន់២នាក់ ដែលគំរាមប្លន់យកប្រាក់២លាន៤សែនដុល្លារ ក្នុងចំណោមលុយ៥លានដុល្លារ ដែលទើបបើកចេញពីធនាគារហើយគេចខ្លួនបាត់បានរយះពេល៣ថ្ងៃក្រោយ ត្រូវកម្លាំងជំនាញឃាត់ខ្លួនជាបន្ទាប់បន្តយកមកសាកសួរបញ្ចប់នីតិវិធីរួច លុះនៅរសៀលថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យ២នាក់នេះ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរ និងចោទប្រកាន់តាមច្បាប់ ។

ជនសង្ស័យទាំងនាក់នេះ ទី១ឈ្មោះ វ៉ា សុខ ភេទប្រុសអាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២០២ E2 ផ្លូវ១៣០ ខណ្ឌដូនពេញ មានមុខរបរ ជាអ្នកបើកបរអោយក្រុមហ៊ុនឆាយវ៉ាន់ ។ ទី២ឈ្មោះ អៀម សំអន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរជាមន្រ្តីយោធានៅនាយកដ្ឋានកងអង្គរក្ស ។

យោងតាមមន្រ្តីនគរបាលក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពាក់ព័ន្ធករណីគំរាមប្លន់យកប្រាក់២លាន៤សែនដុល្លារក្នុងចំណោមលុយ៥លានដុល្លារខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ខណៈដែលខាងគណនីក្រុមហ៊ុន ឆាយវ៉ាន់ បានឲ្យសែកមួយសន្លឹកមានទឹកប្រាក់ចំនួន៥លានដុល្លាររបស់ធនាគារCIMB ទៅឲ្យឈ្មោះ នី សំអាត ជាបុគ្គលិកដើម្បីយកទៅបើកប្រាក់ ដោយមានឈ្មោះ វ៉ា សុខ ជាអ្នកបើករថយន្តជូនដំណើរទៅ ។

ប្រភពដដែលបន្តថា ពេលបើកលុយបានហើយឈ្មោះនី សំអាត បានច្រកលុយទៅក្នុងសាក់កាដូរចំនួនពី និងច្រកថង់ខ្មៅពីក្រៅទៀត ដាក់ចូលក្នុងរថយន្តផ្នែកខាងក្រោយ ហើយក៏បានធ្វើដំណើរទៅទទួលបុគ្គលិកម្នាក់ទៀត ដែលត្រូវទៅធនាគារABA ។ ប៉ុន្តែពេលនោះនៅសល់តែ ឈ្មោះវ៉ា សុខ ជាអ្នកបើកឡាន និងឈ្មោះនី សំអាត ក៏បើករថយន្តមកដល់មុខផ្ទះលេខ៤៥៧ Ea ផ្លូវ៣១០ សង្កាត់បឹងកេងកង២ ឈ្មោះវ៉ា សុខ បានប្រើល្បិចឈប់រថយន្តចុះទិញទឹកផឹក រួចត្រឡប់មកវិញបានបើកទ្វាររថយន្តខាងក្រោយ ឆក់យកសាក់កាដូរដាក់លុយមួយចំនួនដែលមានប្រាក់២លាន៤សែនដុល្លារ ហើយគំរាមមិនឲ្យឈ្មោះនី សំអាត ស្រែកនោះទេ រួចរត់ឡើងជិះម៉ូតូជាមួយឈ្មោះចាន់ ដែលជាគូកនរបស់ឈ្មោះវ៉ា សុខ ដែលឈប់ចាំក្បែរនោះចេញបាត់ទៅ ។

ក្រោយកើតហេតុ ឈ្មោះ សំ ឆាយវ៉ាន់ អាយុ៧៨ឆ្នាំ ជាប្រធានក្រុមហ៊ុន ឆាយវ៉ាន់ បានដាក់ពាក្យបណ្ដឹង ហើយសមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញឈ្មោះវ៉ា សុខ នៅក្នុងកាស៊ីណូ ឯក្រុងបាវិតដោយរឹបអូសបានប្រាក់១៣ម៉ឺនដុល្លារ និងរថយន្តឡិចស៊ីសមួយគ្រឿង ។ ចំណែកលុយជាង២លានដុល្លារទៀតឈ្មោះចាន់ យកទៅ៧០ម៉ឺនដុល្លារ ផ្ញើនៅឈ្មោះ អៀម សំអន ២៥ម៉ឺនដុល្លារ និងនៅអ្នកផ្សេងៗទៀតច្រើននាក់ទៀត ពេលនេះសមត្ថកិច្ចជំនាញបានស្គាល់អត្តសញ្ញាណអស់ហើយ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួនបក្ខពួកនៅសល់ ដើម្បីយកមកដាក់ទោសតាមច្បាប់ ។

គួរបញ្ជាក់ថាជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅកាស៊ីណូបាវិត និងនៅខណ្ឌសែនសុខ ។ ពេលចាប់ខ្លួនបាន សមត្ថកិច្ចរឹបអូសលុយដុល្លារចំនួន៣៨ម៉ឺនដុល្លារ និងរថយន្តឡិចស៊ីសទំនើបមួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញក្រសួងមហាផ្ទៃបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរ និងចោទប្រកាន់តាមច្បាប់ ៕ស រស្មី


ចែករំលែក៖