ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខឯកជន និងស្ត្រីមេម៉ាយ ទាក់ទងស្រឡាញ់គ្នាជិត២ឆ្នាំ ទម្រាំតែដឹងខាងប្រុសថា មានប្រពន្ធកូន

ចែករំលែក៖

បុរសម្នាក់ជាសន្តិសុខឯកជន និងស្ត្រីមេម៉ាយម្នាក់ បានទាក់ទងលួចលាក់ស្នេហាគ្នា ស្ទើរ​តែក្លាយជាប្ដីប្រពន្ធទៅហើយ អស់រយៈពេលជិត២ឆ្នាំ និងបានណាត់ជួបគ្នា ដូចសព្វដង តែលើកចុងក្រោយស្រាប់តែបែកធ្លាយដឹងថា បុរសជាគូស្នេហ៍មានប្រពន្ធកូន ទើបកើតចិត្តប្រចណ្ឌ ឈ្លោះប្រកែកគ្នាតាមដងផ្លូវ រហូតរុញនាងដួលរយះដៃហូរឈាម ស្រែកយំផ្អើលប្រជាពលរដ្ឋនៅតាមដងផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១:៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន វិថីព្រះត្រសក់ផ្អែម (ផ្លូវលេខ៦៣) កែងផ្លូវ៣៥២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ស្ត្រីមេម៉ាយ មិនត្រូវ​បានស្គាល់អត្ដសញ្ញាណនោះទេ បាននិយាយប្រាប់ថា ពួកគាត់សុទ្ធតែជាអ្នកពោះម៉ាយ និងមេម៉ាយ បន្ទាប់ពីគាត់លែងលះជាមួយប្ដីមុនដាច់ស្រេចយូរហើយ គាត់រស់នៅជាមួយកូន រហូតបានស្គាល់បុរសជាសន្តិសុខម្នាក់នេះ រហូតបានផ្ដើមទំនាក់ទំនង ស្នេហាគ្នាឡើង រហូតឈានដល់លួចលាក់ជាមួយគ្នាជិត២ឆ្នាំ ដោយមិនបានឆ្លងកាត់អាពាហ៍ពិពាហ៍អ្វីនោះឡើយ។

ចំណែកភាគីបុរសជាសន្តិសុខ បានប្រាប់ថា រូបគេនិងស្ត្រីរូបនេះ បានទាក់ទងលួចលាក់ស្នេហាគ្នា ស្ទើរតែក្លាយជាប្ដីប្រពន្ធទៅហើ​យ ថែមទាំងបានជួបគ្នាញឹកញាប់ដែរ ដោយរូបគេឧស្សាហ៍ទូរស័ព្ទហៅនាង មកជួបនៅជិតៗកន្លែងធ្វើការរបស់ខ្លួនជាញឹកញាប់។ លុះដល់​ថ្ងៃកើតហេតុ រូបខ្លួនបានទូរស័ព្ទណាត់ជួបគ្នាទៀត ហើយនាងក៏បានជិះម៉ូតូអាគុបមួយគ្រឿងតែម្នាក់ឯងមកជួបគ្នា ដូចសព្វដង តែលើកនេះមិនដូចលើកមុន ពួកគេទាំងពីរក៏មានជម្លោះទាស់សម្ដីគ្នានៅលើម៉ូតូរហូត ទើបគាត់ទ្រាំមិនបានក៏ឈប់ម៉ូតូឈ្លោះប្រកែកគ្នា ក៏ជ្រុលដៃរុញ ស្ត្រីជាប្រពន្ធដួលទៅលើថ្នល់ បណ្ដាលឲ្យមុតដៃរយះចេញឈាមតែម្ដង។ បន្ទាប់ពីរងរបួសឈាមហូរពេញដៃ ស្រ្តីមេម៉ាយរូបនោះ បានអង្គុយយំស្រែក មិនព្រមឡើងជិះម៉ូតូទៅផ្ទះ តាមការលួងលោមរបស់សន្តិសុខជាប្តីនោះទេ។

ដោយឃើញស្រែកឡូឡារំខានខ្លាំងពេក ក្រុមសន្តិសុខ ដែលយាមនៅជិតនោះ បានដើរទៅមើល និងជួយឃាត់សិន កុំឲ្យរំខានដល់ ការសម្រាករបស់អ្នកដទៃ និងបានសួរនាំភាគីទាំងសងខាង រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្ដង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកេងកងទី១ មានទាំងលោកមេប៉ុស្តិ៍ទៀត បានចុះទៅដល់ដើម្បីជួយអន្តរាគមន៍ និងជួយសម្របសម្រួល ទើបបុរសជាសន្តិសុខនោះ ហៅនាងឡើងម៉ូតូជិះទៅកន្លែងគាត់ធ្វើការរបស់គាត់ ដើម្បីនិយាយគ្នាដែរ ប៉ុន្តែស្រ្តីរូបនេះ មិនព្រមទៅទេ ដោយសុំបញ្ចប់ទំនាក់ទំនង ជាប្ដីប្រពន្ធលួចលាក់នេះ ជាមុនសិន ទើបលោកមេប៉ុស្តិ៍សួរនាំ និងសួររកប័ណ្ណសម្គាល់ខ្លួន ប្តីបានសំពះសុំទោស និងសន្យាឈប់ទាក់ទងគ្នា នៅចំពោះមុខសមត្ថកិច្ចតែម្ដង រួចចែកផ្លូវគ្នាចេញទៅបាត់អស់ ៕ ជ្រោយពេជ្រ


ចែករំលែក៖