ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរសព្ទដៃបានសម្រេច ម្ចាស់ដេញតាមតាំងពីខណ្ឌសែនសុខមកត្រូវពលរដ្ឋវាយស្ទើរស្លាប់ នៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូរត់បណ្ដាលឲ្យដួល ហើយត្រូវបានប្រជាពលរដ្ឋចាប់វាយឡើងចាស់ដៃទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ ក្រោយពីពួកគេធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសម្នាក់បានសម្រេច ហើយត្រូវបានជនរងគ្រោះជិះដេញតាម កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្បែរវិហារចិនទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នគរបាលប៉ុស្ដិ៍រដ្ឋបាលស្រះចក បានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន ៖ ទី១ឈ្មោះ មាស បូណា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ និងទី២ ឈ្មោះ ឡោ ចំណាន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។ រួមជាមួយម៉ូតូជិះធ្វើសកម្មភាពម៉ាក ហុកដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1L-8498 ។ ចំណែកជនរងគ្រោះមានឈ្មោះ កង វិបុល ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល មុខវិហារចិន ទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ត្រូវបានបាត់បង់ទូរសព្ទមួយគ្រឿងម៉ាក អាហ្វូន សុីវែនផ្លិស ។

តាមសម្ដីបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូតាមបំណងមកផ្ទះ ខណះជិតដល់ផ្ទះ ត្រង់ចំណុចវិហារចិន ទឹកថ្លា ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់គាត់បានសម្រេច ហើយព្យាយាមជិះគេចខ្លួន តែភ្លាមៗជនរងគ្រោះក៏ជិះម៉ូតូដេញតាមស្រែកថា ចោរៗរហូតមកដល់ផ្លូវ R6(រ៉ារទេះភ្លើង) ធ្វើឲ្យជនសង្ស័យដួលម៉ូតូ ក៏មានប្រជាពលរដ្ឋជួយចាប់ និងស្វាគមន៍ម្នាក់មួយដៃ មួយជើង ឡើងទ្រោមខ្លួន ទើបសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលស្រះចក ចុះមកឃាត់ខ្លួនយកទៅសាកសួរ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើរួចរាល់ ទើបដឹងថា ករណីឆក់នេះកើតឡើងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចក៏ទាក់ទងទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលទឹកថ្លា ឲ្យមកទទួលជនសង្ស័យទាំង២នាក់ និងជនរងគ្រោះ យកទៅបន្តតាមនីតិវិធី ៕ ធឿនព្រែកជ័យ


ចែករំលែក៖