ខេត្តបាត់ដំបង ៖ ឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជា មេបញ្ជាការយោធភូមិភាគទី៥ បានជំរុញដល់បណ្តាអង្គភាពទាំងអស់ត្រូវចុះជួយពលរដ្ឋដែលជួបគ្រោះមហន្តរាយ ដោយសារធម្មជាតិ ឲ្យបានទាន់ពេលវេលា បន្ថែមទៀត ខណៈតំបន់ខ្លះ នៃភូមិភាគនេះមានខ្យល់កន្ត្រាក់ និងគ្រោះរីងស្ងួតនោះ។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆមាសទី១ និងផែនការការងារបន្តរបស់យោធភូមិភាគទី៥ នៃឆមាសទី២ ឆ្នាំ២០១៩ នេះ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះនៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ខេត្តបាត់ដំបង ឯកឧត្តមឧត្តមសេនីយ៍ ឯក ឯក សំអូន បានលើកឡើងថា នៅក្នុងឆមាសទី១ ឆ្នាំនេះ តាមបណ្តាអង្គភាពនានា បាន ខិតខំប្រឹងប្រែងអនុវត្តរាល់ភារកិច្ច សម្រេចបានលទ្ធផលល្អពិសេសបានសហការចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ បានទាន់ពេលវេលា ក្នុងភូមិសាស្ត្រអង្គភាពទទួលខុសត្រូវនោះ។
ប៉ុន្តែបើទោះបីជាសកម្មភាពនាពេលកន្លងទៅ ត្រូវបានទទួល លទ្ធផលល្អយ៉ាងណានិង ទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងណាក្តី ក្នុងនាមយើងជាកងទ័ពបំរើប្រជាពលរដ្ឋត្រូវតែ បន្តសកម្មភាពចុះជួយ ដល់ពួកគាត់ឲ្យបានសកម្មបន្ថែមទៀតដោយមិនត្រូវធ្វេសប្រហែសនោះ ឡើយ។
ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បាន ស្នើគ្រប់កងឯកភាពចំណុះយោធភូមិភាគទី៥ទាំងអស់នៅ ក្នុងទិសដៅបន្តអនុវត្តឆមាសទី២ នេះត្រូវយកចិត្តទុកដាក់លើការងារសំខាន់ៗដូចជា តាមព្រំដែនត្រូវសហការគ្នាត្រួតពិនិត្យព្រំដែនជាប្រចាំរួមជាមួយភាគីថៃទប់ស្កាត់បទល្មើសគ្រប់ប្រភេទ កសាងបានព្រំដែនសន្តិភាពសហប្រតិបត្តិការល្អ ដើម្បីការអភិវឌ្ឍ។ ត្រូវរួមសហការគ្នាជាមួយអាជ្ញាធរគ្រប់អង្គភាពអនុវត្តគោលនយោបាយភូមិ ឃុំសុវត្ថិភាពថែរក្សាសុខសន្តិភាពស្ថិរភាព ។ មួយវិញទៀត ត្រូវទប់ស្កាត់ឲ្យបានរាល់ចលនាបដិវត្តន៍ ពណ៌ចលនាបំផ្លាញសន្តិភាព និងជួយទប់ស្កាត់ បទល្មើសផ្សេងៗដូចជា ព្រៃឈើ គ្រឿងញៀន ល្បែងស៊ីសង នេសាទខុសច្បាប់ និងបទល្មើសជាច្រើនទៀត៕ ហេង សូរិយា