ខេត្តស្វាយរៀង៖ អត្រាអ្នកឆ្លងជំងឺគ្រុនឈាមក្នុងរយះពេលប៉ុន្មានថ្ងៃនេះ មានការថយចុះ បន្ទាប់ពីខាងមន្ទីរសុខាភិបាលខេត្តស្វាយរៀង សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចដែលពាក់ពន្ធ័បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីអំពីជំងឺគ្រុនឈាម និងវិធីបង្ការបាញ់ថ្នាំបំបាត់ជម្រកមូសខ្លានៅតាមបរិវេណផ្ទះប្រជាពលរដ្ឋ និងតាមសាលារៀនមួយចំនួន ជាពិសេសនៅតំបន់ដែលមានការឆ្លងនូវជំងឺគ្រុនឈាមផងដែរ ។
ជាក់ស្ដែង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ លោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពកុមារដែលមានជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
ក្នុងការចុះពិនិត្យមើលនេះលោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់ដល់ឪពុកម្ដាយដែលកំពុងកំដរកូនៗ បើសិនមានការសង្ស័យចំពោះកូនចៅថាមានជំងឺគ្រុនឈាមសូមប្រញាប់បញ្ជូនមកមណ្ឌលសុខភាព ឬមន្ទីរពេទ្យណាដែលនៅជិតផ្ទះជាបន្ទាន់ ដើម្បីឲ្យក្រុមគ្រូពេទ្យវិនិច្ឆ័យរករោគសញ្ញាដើម្បីបង្ការ និងព្យាបាលទុកជាមុន ។
សូមបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តស្វាយរៀងបានបន្ត យុទ្ធនាការបាញ់ថ្នាំបំបាត់ជម្រកមូសខ្លានៅតាមបដិវេណសាលារៀន និងតាមលំនៅដ្ឋានរបស់ពលរដ្ឋដោយផ្តោតលើចំណុចសំខាន់ៗដូចជា៖
ការផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម វិធីបង្ការ ការពារ បំបាត់ជំរកមូស
ករណីសង្ស័យត្រូវបញ្ជូនអ្នកជំងឺទៅកាន់មូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុត
ការដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹកក្នុងពាងទឹកអាងទឹក
ការបាញ់ថ្នាំសម្លាប់មូសខ្លានៅសាលារៀន មណ្ឌលសុខភាព លំនៅដ្ឋានប្រជាជន (គ្មានទឹកដក់ គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម គ្រួសារមានសុខភាពល្អ) ។
មន្ទីរសុខាភិបាល និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព និងត្រូវបង្កើនចំពោះបញ្ហាជំងឺ គ្រុនឈាម ដែលកំពុងមានអាត្រាខ្ពស់ដែលកើតមកលើមនុស្សគ្រប់វ័យ ហេតុនេះយើងទាំងអស់គ្នាចូលរួមធ្វើអនាម័យថែរក្សាបរិស្ថាន ដើម្បីកំចាត់ជម្រកមូសខ្លា ហើយត្រូវសំរាន្តក្នុងមុងស្លៀកពាក់ ខោអាវជើងវែងដៃវែងជានិច្ច ។
ក្នុងខេត្តស្វាយរៀងនៅឆ្នាំ២០១៩អត្រា អ្នកឆ្លងជំងឺគ្រុនឈាមមានចំនួន៣៤១នាក់ដែលបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យហើយ ពុំបណ្តាលឲ្យមានអ្នកស្លាប់ដោយសារជំងឺនេះទេហើយយុទ្ធនាការនេះបានធ្វើជាបន្តបន្ទាប់ដោយបានអនុវត្តន៍ខ្លាំងខ្លានៅ ខែកក្កដានេះតែម្តង ៕ យឹម សុថាន