ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់ថ្នាំញៀនហួសកម្រិត អុកឡុកក្នុងផ្ទះ រាល់ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដោយសារតែការប្រើប្រាស់គ្រឿងញៀនរាប់ខែឆ្នាំ រហូតបាត់បង់ស្មារតី លែងស្គាល់ឪពុកម្តាយ និងតែងតែបង្កការអុកឡុកនៅក្នុងផ្ទះ មិនតែប៉ុណ្ណោះ ទិញថ្នាំញៀនយកមកជក់នៅមុខផ្ទះទៀត ត្រូវម្តាយទ្រាំលែងបានរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ច្រាំងចំរេះ១ ចុះមកឃាត់ខ្លួនយកទៅសាកសួរតែម្តង ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចផ្ទះលេខ៤០៣ ក្រុម៥ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។

បុរសញៀនថ្នាំរូបនេះ ឈ្មោះណុះ មូហាំម៉ាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម ស្នាក់នៅផ្ទះ៤០៣ ក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរះ១ ខណ្ឌឫស្សីកែវ ។ ជាក់ស្តែង សមត្ថកិច្ចរកឃើញថ្នាំញៀនមួយកញ្ចប់ និងឧបករណ៍សម្រាប់ជក់ផងដែរ ។

យោងតាមមន្រ្តីនគរបាលប៉ុស្តិ៍ច្រាំងចំរេះ១ បានឲ្យដឹងថា ជនសង្ស័យជាមនុស្សញៀនថ្នាំ ហើយតែងតែបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនដងជាច្រើនសារ ដោយម្តាយបង្កើតខំប្រឹងលក់ត្រីដើម្បីចិញ្ចើមជីវិត បែរជាកូនបង្កើតតែងតែបំផ្លាញមិនចេះឈប់សោះ ។

តាមសម្តីស្ត្រីជាម្តាយ បានឲ្យដឹងថា កូនប្រុសរបស់គាត់ អត់ចូលផ្ទះជិត១០ថ្ងៃហើយ លុះនៅថ្ងៃកើតហេតុ កូនប្រុសរបស់គាត់ ក៏មកផ្ទះប្រុងយកសោម៉ូតូរ៉ឺម៉កបម្រុងបើកចេញទៅក្រៅ មិនដឹងថា យកទៅបញ្ចាំ ឬយកទៅណានោះទេ តែគាត់មិនឲ្យយក ក៏ត្រូវបុរសញៀនថ្នាំជាកូនខឹង ក៏ទៅទិញថ្នាំញៀនតំលៃ១០ដុល្លារយកមកជក់នៅមុខផ្ទះ ។ ភ្លាមនោះរូបគាត់ ក៏បានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះ១ ឲ្យចុះមកជួយធ្វើអន្តរាគមន៍ និងចាប់ខ្លួនជនសង្ស័យជាកូនយកទៅអប់រំនៅមន្ទីរសង្គមកិច្ចតែម្តង ។

គួរបញ្ជាក់ថា បុរសរូបនេះធ្លាប់ត្រូវបានក្រុមគ្រួសារចាប់បញ្ជូនទៅមណ្ឌលកែប្រែអស់ជាច្រើនដងមកហើយ នៅតែមិនចេះកែខ្លួនទៀត លើកនេះសមត្ថកិច្ចបញ្ជូនទៅមន្ទីរសង្គមកិច្ចវិញ ដើម្បីអប់រំ ៕ អារុណរះ


ចែករំលែក៖