ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីមេខ្យល់២នាក់ ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែន

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះប្រតិបត្តិការស្រាវជ្រាវ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង បានឃាត់ខ្លួនស្រ្តីសង្ស័យ៦នាក់ ក្នុងនោះស្រ្តីមេខ្យល់ចំនួន២នាក់ នារីរងគ្រោះ ចំនួនន០៤ នាក់ (អនីតិជន២នាក់) ពាក់ព័ន្ធករណីការនាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន នៅចំណុចរបងវត្តមហាមន្រ្តី ផ្លូវលេខ១៧៣ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង ។

ប្រតិបត្តិការនេះដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោក វរៈសេនីយ៍ទោ ហួត សុភ័ក្ត្រ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ជាក់ស្តែង ឃាត់ខ្លួនស្រ្តីសង្ស័យចំនួន៦នាក់ ។

នគរបាលបានឲ្យដឹងថា ស្រ្តីសង្ស័យ០២ពាក់ព័ន្ធករណី ជួញដូរមនុស្សឆ្លងដែន ទី១. ឈ្មោះ សុខា រដ្ឋធានី ហៅ នីយ៉ា ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងក្រអូប និងទី២. ឈ្មោះ ថាច់ ដាវី ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ។ ចំណែកនារីរងគ្រោះចំនួន០៤នាក់ ក្នុងនោះ ជាអនីតិជន ចំនួន០២នាក់។

នគរបាលជំនាញបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនធ្វើការស្រាវជ្រាវ ជាច្រើនថ្ងៃ រហូតដល់ស៉ីជំរៅ បានចុះទៅឃាត់ខ្លួនស្រ្តីសង្ស័យភ្លាមៗតែម្ដង នាំមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ។

នគរបាលជំនាញបានបន្តឲ្យដឹងថា យោងតាមច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨ ក្នុង មាត្រា ១១ បានចែងថា

– ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ជនណាដែលនាំយកជន ដទៃបេញដោយមិនស្របច្បាប់ ក្នុងគោលដៅប្រគល់ ឬ នៅយកទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (បាំពីរ) ឆ្នាំដល់១៥ (ដប់ប្រាំ) ឆ្នាំ ។

ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងប្រទេសណាមួយក្រៅពីព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅប្រគល់ ឬ នជននោះទៅប្រទេសផ្សេងទៀត ត្រូវផ្តន្ទាទោសដូចគ្នានឹងកថាខណ្ទី ១ ខាងលើ ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ២០ (ម្ភៃឆ្នាំ ក្នុងករណីដែល :

-ជនរងគ្រោះជាអនីតិជន ។

– អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ ។

– អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង ។

យោងតាមនារីរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលពួកនារីរងគ្រោះសម្រេចចិត្តទៅប្រទេសចិន គឺមានស្រ្តីម្នាក់ដែលជាមេខ្យល់បានទាក់ទង និងលួងលោមថា បើប្អូនៗព្រមទៅប្រទេសចិន ពេលទៅដល់ភ្លាម និងទទួលបានក្នុងម្នាក់៣០០០ដុល្លារអាមេរិក ហើយរាល់ការធ្វើឯកសារ និងធ្វើដំណើរគឺមានអ្នករាប់រងទាំងអស់តែម្ដង។នារីរងគ្រោះបានបន្តទៀតថា ពេលនោះពួកនាងបានសួរថា គាត់ពុំមានលិខិតឆ្លងដែនទេ នារីមេខ្យល់ក៏បានប្រាប់ថា ពុំចាំបាច់មានលិខិតឆ្លងដែនទេគឺត្រូវធ្វើដំណើរទៅតាមច្រកព្រំដែនអន្តរជាតិបាវិត នៅពេលទៅដល់បាវិត គឺមានមេខ្យល់ម្នាក់ទៀតជាជនជាតិវៀតណាម ចាំទទួល ដើម្បីនាំឆ្លងដែនទៅប្រទេសចិន តែម្ដង។

បច្ចុប្បន្នស្រ្តីមេខ្យល់ ទាំង២នាក់ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននាំមកសាកសួរ រួចឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ចំណែកនារីរងគ្រោះទាំង០៤នាក់ ក្នុងនោះអនីតិជនចំនួន០២នាក់ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕ ស សម


ចែករំលែក៖