ព័ត៌មានទាន់ហេតុការណ៍៖

រយះពេល១៥នាទី គ្រោះថ្នាក់ចរាណ៍២ករណីផ្សេងគ្នានៅផ្លូវតែមួយ

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា ត្រឹមតែរយះពេល១៥នាទី រវាងរថយន្តចំនួន៣គ្រឿង ម៉ូតូ១គ្រឿង ថែមទាំងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋថែ​មទៀត តែមិនមានមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង២ ករណីខាងលើកើតឡើង ទី១ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ក្នុង ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ រវាងរថយន្តបែន ម៉ាកហុីយ៉ាន់ដាយ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E-8492 បើកល្បឿនលឿន ពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុ ហ្វ្រាំងរអិលទៅបុកកន្ទុយកងរថយន្តម៉ាក ហុីណូ ពណ៌ខៀវ ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5967 ពីក្រោយបណ្តាលឲ្យ រថយន្តបង្កខ្ទេចរួញមុខ តែមិនបង្កឲ្យរងរបួសដល់មនុស្សឡើយ ។

ប្រភពបន្តទៀតថា បន្ទាប់មកខណៈរថយន្តមិនទាន់វាស់វែងយកចេញពីកន្លែងកើតហេតុផង ស្រាប់តែមាន រថយន្តកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 3B-5686 បើកល្បឿនលឿនពីត្បូងទៅជើង ខណៈមកដល់ចំណុចកើយហេតុ វ៉ាក់អើរថយន្តខាងមុខ ព្យាយាមហ្វ្រាំង គេច បែរជារអិលហោះឡើងខឿនសួនទ្រូងផ្លូវ បុកបង្គោលស្លាកសញ្ញាចរាចរណ៍ បាក់រាបដល់ដី រុញបុកផ្ទប់ជាប់ម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-7594 ដែលបើកបរដោយយុវជនឈ្មោះ ហាក់ សុខហាង អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិផ្លាំង សង្កាត់ស្នោ ខណ្ឌកំបូល​ ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ជនរងគ្រោះលោតផុត ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុហើយវាស់វែងរថយន្ត ដែលបង្កហេតុទី១ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែន ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ចំណែកករណីទី២ ដោយសារតែប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ ទើបប្រគល់ទៅជំនាញចរាចរណ៍រាជធានីភ្នំពេញ វាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖