ព័ត៌មានទាន់ហេតុការណ៍៖

ជនដៃដល់ដែលបានកាប់ និងអារ.កយុវជនម្នាក់ស្លាប់ នៅមាត់បឹងកន្សែង ត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តរតនគិរី៖ ជនដៃដល់ដែលបានកាប់ និងអារ.កទៅលើយុវជនម្នាក់បណ្ដាលឲ្យស្លាប់នៅក្បែរខ្ទមអ្នកតា(តាជួង)​បឹងកន្សែងតាំងពីវេលាម៉ោង៩.០០ នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ដែលក្នុងការណាត់គ្នានៅកន្លែងស្ងាត់ ប្រយុទ្ធគ្នាត្រូវកម្លាំកងរាជអាវុធហត្ថ តាមឃាត់ខ្លួនបានហើយ និង ត្រៀមបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះឈ្មោះ ស ម៉ាកូ ភេទប្រុស អាយុ ១៩ឆ្នាំ មានលំនៅភូមិ៧មករា ក្រុងបានលុង ខេត្តរតនគិរី ហើយ ត្រូវកម្លាំងអាវុធហត្ថមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងអាវុធហត្ថក្រុងបានលុង ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ អាវុធហត្ថខេត្តគិរី ចុះឃាត់ចាប់ខ្លួនបានតែម្តង ។

ប្រភពពីកងរាជអាវុធហត្ថខេត្តរតនគិរី បានឲ្យដឹងថា ដោយឆ្លងតាមការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ជាប្រចាំ ចាប់តាំងពីក្រោយពេលកើតហេតុនោះមក និងតាមការឲ្យដឹងពីដៃគូរសពជនរងគ្រោះនោះផងទើបកម្លាំងជំនាញកងរាជអាវុធហត្ថកំណត់មុខសញ្ញាបានរកអត្តសញ្ញាណជនសង្ស័យហើយតាមស្រាវជ្រាវរហូតឈានដល់ធ្វើការចាប់ខ្លួនបានតែម្តង ។

ក្នុងខណៈនោះដែរ ជនសង្ស័យទៅពួនសម្ងំលាក់ខ្លួននៅក្នុងភូមិ.ឃុំ.កន្លែងឃាត់ខ្លួនខាងលើបន្ទាប់ពីបានធ្វើសកម្មភាពកាប់ទៅលើសពរងគ្រោះរួចមក ។

ប្រភពបន្តថាបន្ទាប់ពីឃាត់ខ្លួនយកមកសួរនាំ ជនសង្ស័យបានសារភាព និងបានជូនកម្លាំងសមត្ថកិច្ចទៅយកវត្ថុតាងដាវមានប្រវែង៦៥សង្ទីម៉ែត្រ នៅក្នុងព្រៃស្មៅមួយកន្លែង ស្ថិតក្នុងភូមិជ្រីសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរីដែលខ្លួនយកមកលាក់ទុកនៅទីនោះ ។

ក្រោយឃាត់ខ្លួនជនសង្ស័យរួម និងវត្ថុតាងត្រូវមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅវេលាម៉ោង២រសៀលថ្ងៃច័ន្ទ ១៣ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

ជនសង្ស័យឈ្មោះ ស ម៉ាកូ នេះបានធ្វើសកម្មភាពកាប់ និងអារ.កទៅលើជនរងគ្រោះឈ្មោះ អេង រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួនរស់នៅភូមិថារងជងឃុំអូរជុំស្រុកអូរជុំខេត្តរតនគិរីបណ្ដាលឲ្យស្លាប់នៅជ្រុងខាងលិចមាត់បឹងកន្សែងក្បែរខ្ទមអ្នកតា (តាជួងបឹងកន្សែង)​ ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរីបន្ទាប់ពីពួកគេ បានណាត់គ្នាទៅប្រយុទ្ធនៅទីនោះ ៕ ជីវ័ន្ត


ចែករំលែក៖